(ភ្នំពេញ)៖ តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាយសូឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកស្អុយ)។ សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រត្ន័ ស៊ីថា ប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមរំលឹកថា ស្ត្រីរូបនេះនៅពេលត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីជំនួញដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យផ្សេងនោះទេ។

លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានប្រាប់អ្នកយកព័ត៌មានថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន​» ហើយត្រូវបានចៅក្រមសម្រេចដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ (PJ)។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។

ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ស្ដ្រី ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឆបោកដូចគ្នានោះ តាមបណ្ដឹងរបស់ពាណិជ្ជករម្នាក់ ដែលការឆបោកនេះ មានទឹកប្រាក់ប្រមាណជាង៧៧ម៉ឺនដុល្លារ៕