(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាល សម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។
ការគូសបញ្ជាក់ថា របស់លោក នេត្រភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសចូលរួមជាគណៈអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា នៅថ្ងៃទី២៩ ខែធ្នូ គឺជាខួបអនុស្សាវរីយ៍ ២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់សង្គ្រាមស៊ីវិល និងនាំយកសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលសម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនជាតិ និងប្រជាជនកម្ពុជា មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង៤០០ ឆ្នាំចុងក្រោយនេះ»។
ជាមួយការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលមន្ទីរបរិស្ថានសម្រេចបាននាឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តកំពត, លោក ភក្ត្រា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ២៤ឆ្នាំមកនេះ កម្ពុជាមានលទ្ធភាពពេញលេញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចមានកំណើនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនមានវិបត្តិជំងឺកូវីដ១៩។ ជាលទ្ធផលកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត នៅលើពិភពលោក ប្រែក្លាយពីប្រទេសក្រីក្រដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងត្រូវបានប្រសិទ្ធនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» នៅឆ្នាំ២០១៦ ហើយកំពុងបោះជំហ៊ានឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
«សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ នេះ គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា និងបានផ្តល់ឱកាសនិងធនធានដល់មន្ទីរបរិស្ថាន ខេត្តកំពតបំពេញការងារដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា។
លោករដ្ឋលេខាធិការ បានបន្ថែមថា ក្រោយពីកម្ពុជាងើបឡើងវិញពីផេះផង់ សមុទ្រឈាម ទឹកភ្នែក និងគំនរឆ្អឹងនៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតឡើងវិញនូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ដែលជាការឆ្លុះបញ្ចាំងអំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញបានធ្វើឱ្យការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះ កម្ពុជាបានផ្លាស់ប្តូរបត់ថ្មីដោយប្រែក្លាយពីប្រទេសកាប់ឈើដើម្បីរកចំណូលសេដ្ឋកិច្ច មកជាប្រទេសដែលមានសមត្ថភាពពេញលេញលើការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលសម្រាប់សង្គមតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ បង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ។
លោក ភក្ត្រា បានថ្លែងថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការស្គាល់ពីទឹកដីរបស់ខ្លួនតាមរយៈទេសចរណ៍ធម្មជាតិផ្សារភ្ជាប់និងទឹកដី និងបានប្រែក្លាយរូបភាព ពីអតីតកាលនៅពេលកម្ពុជាមានសង្គ្រាម គឺពលរដ្ឋចូលព្រៃម៉ាគី ដើម្បីតស៊ូប្រដាប់អាវុធ ច្បាំងគ្នា ប៉ុន្តែ ក្នុងសម័យតេជោសន្តិភាព ពលរដ្ឋចូលក្នុងព្រៃដើម្បីដើរកម្សាន្ត លំហែកាយ និងសិក្សាស្វែងយល់ពីជីវៈ ចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន។