(បន្ទាយមានជ័យ)៖ តុល្យការចុងក្រោយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង ប៉ុន្ដែភ្លើងមិនទាន់អស់រងើកនៅឡើយទេ។
លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងជួយសង្គ្រោះនៅបន្ដប្រតិបត្តិការស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំង ក្នុងអគារដែលត្រូវភ្លើងឆេះដដែល ដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។
បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ កម្លាំងរុករកបានប្រទះឃើញសាកសពជនរងគ្រោះ ជាង១០នាក់ និងមនុស្សដែលរបួសជាង៣០នាក់។ ក្នុងមានទាំងជនជាតិខ្មែរ និងជនបរទេស។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា កម្លាំងប្រតិបត្តិការ បានរកឃើញសាកសពជនរងគ្រោះជាបន្ដបន្ទាប់ ដែលជាប់គាំងក្នុងបន្ទប់ នៃអគារកាស៉ីណូដែលត្រូវភ្លើងឆេះ ដូច្នេះចំនួនជនរងគ្រោះ នឹងកើតឡើងបន្ថែមទៀត។
គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហា៊នដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕
នេះជាសកម្មភាពក្រុមកងរុករក និងសង្គ្រោះ៧០៥ របស់យោធាភូមិភាគទី៥
នេះជាសកម្មភាពជួយសង្គ្រោះរបស់ក្រុមអង្គភាព ៧១១ នៃកងពលតូចលេខ៧០ និងសមត្ថកិច្ចភាគីថៃ