(ស្វាយរៀង)៖ លោក ថន ថាវុទ្ធា ប្រធានគណបក្សស្រុកចន្ទ្រា បានជំរុញដល់ប្រធានគណបក្សឃុំព្រៃគគីរ ព្រមទាំងសមាជិកបក្សទាំងអស់ ត្រូវខិតខំពង្រឹងការងារគ្រប់គ្រងសមាជិកគណបក្ស និងបន្តកសាង ពង្រីកសមាជិកថ្មី ជាពិសេសក្នុងជួរយុវជន ដោយយកចិត្ត ទុកដាក់ ថែទាំជានិច្ចខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងដើម្បីធានាភាពជឿជាក់ ខាងគុណភាបរបស់សមាជិកគណបក្ស។

ការថ្លែងបែបនេះ របស់លោកប្រធានគណបក្សសុកចន្ទ្រា បានធ្វើឡើងនៅក្នុងពិធីប្រកាសប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ពិធីមានការចូលរួមពីលោក ធឿន រដ្ឋា ជាក្រុមការងារចុះជួយឃុំព្រៃគគីរ ព្រមទាំងសមាជិកសមាជិការជាច្រើនរូបផងដែរ។

លោកប្រធានគណបក្សស្រុកចន្ទ្រា បានថ្លែងនូវការកោតសរសើរ ដល់លោកប្រធានគណបក្សឃុំព្រៃគគីចាស់ ដែលមានជំងឺប្រចាំកាយមិនអាចធ្វើការបន្តបាន ព្រមទាំងសមាជិក សមាជិកាគណបក្សឃុំព្រៃគគីរ ទាំងអស់ ដែលបានខិតខំបម្រើការងារបក្សបានល្អប្រសើរ ជាពិសេសត្រូវបន្តក្នុងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ និងការអភិវឌ្ឈន៍នៅមូលដ្ឋាន ឲ្យទទួលបានការគាំទ្រ និងជឿជាក់មកលើគណបក្សបន្តទៀត។

លោក ថន ថាវុទ្ធា បានថ្លែងផ្តាំផ្ញើដល់លោកស្រីប្រធានគណបក្សឃុំព្រៃគគីរ និងសមាជិកបក្សទាំងអស់ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច និងលក្ខន្តិកៈគណបក្ស និងគោលនយោបាយរបស់គណបក្ស ព្រមទាំងត្រូវចូលរួមសកម្មភាពចិញ្ចឹមចលនា នៅមូលដ្ឋានឲ្យកាន់តែសកម្ម និង កាន់តែខ្លាំងក្លាឡើងថែមទៀត ដោយធ្វើឲ្យបានជាប់ជាប្រចាំ ស្របតាមស្ថានភាព របស់មូលដ្ឋាន និងការប្រកាន់ខ្ជាប់នូវ ទស្សនៈមហាជន ដោយចាត់ទុកការងារនេះជា ការងារដ៏មានសារៈសំខាន់មួយក្នុងការតស៊ូដណ្ដើមសាធារណមតិ និងកសាងកម្លាំង គណបក្សនៅមូលដ្ឋាន។

លោកបានជំរុញដល់សមាជិកបក្សត្រូវខិតខំពង្រឹង ពង្រីកអំពើល្អក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាជន និងត្រូវលុបបំបាត់ ឲ្យបាននូវបាតុភាពអសកម្មនានា ដែលធ្វើឲ្យប្រជាជនមិនពេញចិត្តចំពោះគណបក្ស និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរ។

លោកស្រី ម៉ម សាបុន ប្រធានគណបក្សឃុំព្រៃគគីរ ដែលទើបតែតែងតាំងថ្មី បានប្តេជ្ញា អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យកាន់តែទទួលបានការគាំទ្រពីពលរដ្ឋ មានជំនឿជឿជាក់មកលើ គណបក្ស ប្រជាជនកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត និងប្តេជ្ញាគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជា បេក្ខជននាយករដ្ឋមន្ត្រី និងលោកហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្តី សម្រាប់ពេលអនាគត៕