(ភ្នំពេញ)៖ កម្លាំងជំនាញ ក៩ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀន នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន២កញ្ចប់ធំ។

ប៉ុន្ដែមុនឈានដល់ឃាត់ខ្លួនឧក្រិដ្ឋជនទាំង៣នាក់ រួមជាមួយគ្រឿងញៀននោះ ក៏មានការប៉ះទង្កិចគ្នាដោយអាវុធមួយប្រាវផងដែរ នៅពេលកម្លាំងជំនាញចូលបង្ក្រាប ហើយជនសង្ស័យដឹងខ្លួន និងបានបាញ់ស្រោចមកលើកម្លាំងសមត្ថកិច្ច ហើយបានបណ្ដាលឲ្យនាយនគរបាលម្នាក់ ពាក់ស័ក្ដិ៤ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រាប់កាំភ្លើងរបស់ឧក្រិដ្ឋជន។ នគរបាលដែលបានពលី គឺលោកវរសេនីយ៍ត្រី ម៉ិច ឆាយភិវ័យ តួនាទីនាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបន្ថែមនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅពេលជនសង្ស័យធ្វើការជួញដូរគ្រឿងញៀន កម្លាំងជំនាញក៏ចូលទៅបង្ក្រាប ប៉ុន្ដែពេលនោះក៏មានការប្រតាយប្រតប់គ្នារវាងកងកម្លាំង និងឧក្រិដ្ឋជន។ ហើយឧក្រិដ្ឋជនក៏បាញ់មកលើលោក ម៉ិច ឆាយភិវ័យ ត្រូវចំគប់ត្រចៀក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយបាញ់ស្រោចមកលើកម្លាំងនគរបាល ក្រុមឧក្រិដ្ឋជនបានជិះរថយន្ដមួយគ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BG-0366 រត់គេចខ្លួន។ ពេលនោះកម្លាំងជំនាញបានបោះដៃតាមវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់រថយន្ដរបស់ឧក្រិដ្ឋជន ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ទើបស្ទាក់ចាប់បាននៅលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោ។

ក្នុងនោះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ៣នាក់ នៅក្នុងរថយន្ដ ប៉ុន្ដែជនដៃដល់ដែលបាញ់សមត្ថកិច្ចរត់គេចខ្លួន នៅម្ដុំកន្លែងចាក់សំរាម ស្ទឹងមានជ័យ។ ជនសង្ស័យ៣នាក់ដែលចាប់បាននៅផ្លូវ៦០ម៉ែត្រ មានជនជាតិខ្មែរម្នាក់ និងជនជាតិវៀតណាម២នាក់ (ស្រីម្នាក់) រួមជាមួយថ្នាំញៀន ប្រភេទ ខេតាមីន និងមេតំហ្វេតាមីន ២កញ្ចប់ធំ និងរថយន្តមួយគ្រឿង។ ក្រោយមកកម្លាំងជំនាញ បានបន្ដឆែកឆេរនៅបន្ទប់ខុនដូររបស់ជនដៃដល់ រកឃើញថ្នាំញៀន ២កញ្ចប់តូច, ជញ្ជីងថ្លឹង២គ្រឿង និងស្បោងសម្រាប់ច្រក និងគ្រាប់កាំភ្លើងខ្ លីGLOCK ១២គ្រាប់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងបើកស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់ម្នាក់ទៀត៕