(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍រួមនូវអគារបណ្ណាល័យចំនួន ០២កន្លែង ជាអំណោយរបស់ប្រជាជនកូរ៉េ តាមរយៈអង្គការ Women’s Federation For World Peace Korea ដែលចំណាយថវិកាសាងសង់ជាង១៨ម៉ឺនដុល្លារ នៅឃុំដារ និងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនោះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សជិត៥០០នាក់។

លោកស្រី MOON JULIA HOONSOOK ប្រធានអង្គការសហព័ន្ធស្ត្រី ដើម្បីសន្តិភាពសកលលោក បានគូសបញ្ជាក់ថា ចំណងទំនាក់ទំនងការទូតរវាងប្រទេសកូរ៉េ និងកម្ពុជា បានបង្កើតឡើងអស់រយៈពេលជាង៥០ឆ្នាំមកហើយ។ ជាងពាក់កណ្តាលទសវត្សរ៍មកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានពង្រីកខ្លួនយ៉ាងខ្លាំង ទៅលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

លោកស្រីបន្តទៀតថា «គម្រោងបណ្ណាល័យក្នុងក្តីស្រមៃដ៏ធំរបស់កម្ពុជា» ត្រូវបានសាងសង់ឡើងក្រោមគម្រោង «ការចែករំលែកក្តីស្រឡាញ់ 1%» របស់សហព័ន្ធស្ត្រីដើម្បីសន្តិភាពពិភពលោក ដោយជ្រើសរើសសាលារៀនចំនួនពីរគឺ សាលាបឋមសិក្សាអញ្ចាញ និងសាលាបឋមសិក្សាគោលាប់ ដើម្បីផ្ដល់ឱកាសអប់រំស្មើគ្នា និងដើម្បីជំរុញឱ្យមានអ្នកដឹកនាំសន្តិភាពនាពេលអនាគត។ ការសាងសង់បណ្ណាល័យទាំងនេះ ទទួលបានសេចក្តីស្រឡាញ់ និងការគាំទ្រ ជាច្រើនពីសមាជិក នៃសហព័ន្ធស្រ្តីដើម្បីសន្តិភាពពិភពលោកនៃប្រទេសកូរ៉េ រួមជាមួយនឹងការគាំទ្រសហការពីក្រុមហ៊ុននានាមួយចំនួន ហើយពួកយើងបានធ្វើការងារស្ម័គ្រចិត្ត ជាមួយនឹងបេះដូងបរិសុទ្ធដើម្បីគាំទ្រ ដល់អនាគតឥតព្រំដែនរបស់អ្នកទាំងអស់គ្នា។

ថ្លែងក្នុងពិធីនោះលោក យក់ ប៊ុនណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តក្តីស្រលាញ់ ក្នុងក្របខ័ណ្ឌជំនួយរបស់ប្រជាពលរដ្ឋកូរ៉ែ ដែលបានចូលរួមលើកកម្ពស់លើវិស័យសុខាភិបាល និងវិស័យអប់រំ បានផ្តល់សេចក្តី រីករាយ និងភាពស្រស់បំព្រងដល់ប្រជាជនកម្ពុជា ក៏ដូចជានៅខេត្តក្រចេះ ដែលទាំងនេះ សរបញ្ជាក់ឲ្យឃើញពីការទំនាក់ទំនងរិតចំណងមិត្តភាពរវាងរាជរដ្ឋាភិបាលម្ពុជានិងរដ្ឋាភិបាលកូរ៉េជាយូរអង្វែងមកហើយ ដែលក្នុងនោះ ក៏មាននិសិ្សតខ្មែរ ទទួលបានឱកាសទៅសិក្សានៅប្រទេសកូរ៉េ ផងដែរ ដើម្បីជាការរិតចំណងមិត្តភាពរវាងនិស្សិតកម្ពុជានិងកូរ៉េ។
លោកបន្តថា សុខសន្តិភាព បានផ្តល់ឱកាសដល់ប្រទេសកម្ពុជា ក្នុងការទទួលបានការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងសេដ្ឋកិច្ចប្រជាជន ហើយយើងក៏មិនភ្លេចគុណតម្លៃរបស់ប្រទេសសហប្រតិបត្តិការដៃគូរហើយ ជាពិសេសគឺសម្តេចតេជោប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាសុខសន្តិភាពសម្រាប់ប្រទេសមួយនេះ ឲ្យមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

លោក យក់ ប៊ុនណា បញ្ជាក់ទៀតថា ការសម្ពោធអគារបណ្ណាល័យនាពេលនេះ គឺជាឃ្លាំងផ្តល់នូវចំណេះដឹង សម្រាប់ឆ្ពោះទៅការកសាងនូវធនធានមនុស្ស ដើម្បីចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត។ បើទោះបីជាប្រទេសកម្ពុជា មិនឋិតនៅជាប្រទេសមានការអភិវឌ្ឍន៍កម្រិតខ្ពស់ តែកម្ពុជាតែងតែបានចូលរួមចំណែកជាមួយពិភពលោក ក្នុងសកម្មភាពមនុស្សធម៌ ក្នុងការដោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មីន) ជាមួយប្រទេសនៅលើពិភពលោកផងដែរ ដែលជាការសរបញ្ជាក់ពីក្តីស្រាលាញ់ និងការយកចិត្តទុកដាក់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យពិភពលោកទទួលបានការអភិវឌ្ឍន៍ប្រកបដោយសុខន្តិភាព និងសុខសុវត្ថិភាព៕