(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា មូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមានផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម រស់នៅក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះខាងលើមានឈ្មោះ ជួ បុផ្ផា អាយុ២២ឆ្នាំ កំពុងមានផ្ទៃពោះ៣ខែ ប្តីឈ្មោះ កង ធារ៉ា អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោះរ៉ុងសន្លឹម(សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្នស្រ្តីមានផ្ទៃពោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះរបស់លោក បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕