(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលដឹកនាំដោយ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខនាយឧត្តមសេនីយ៍ ផាន់ ងួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាក្រសួងការពារជាតិ ដែលចូលនិវត្តន៍ ដល់គេហដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
លោក ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច អនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះនាយឧត្តមសេនីយ៍ ផាន់ ងួន និងក្រុមគ្រួសារ។
នាយឧត្តមសេនីយ៍ ផាន់ ងួន មានក្តីរំភើបយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ លោក ចាយ បូរិន ជាតំណាងមកសួរសុខទុក្ខ លោកនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារដល់លំនៅដ្ឋាន ធ្វើឲ្យនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ទទួលបាននូវភាពកក់ក្តៅ និងជាកិត្តិយសសម្រាប់ក្រុមគ្រួសារ។
នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងច្បាស់ចំពោះបេក្ខភាព សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជារៀងរហូត និងការគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលពោរពេញទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សក្តិសមជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។
នាយឧត្តមសេនីយ៍ ផាន់ ងួន ក៏បានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ បានចូលបម្រើការងារនៅក្រសួងការពារប្រទេស ផ្នែកកងទ័ពអាកាស ហើយទទួលបានដំណែងជាអនុប្រធានមន្ទីរកងទ័ពអាកាស ជាស្នងការរង ជាស្នងការការពារអាកាសចរណ៍ ជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន (បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិ)។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរថា យុវជនជំនាន់មុនបានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុប្រជាជន និងប្រទេសជាតិ ដើម្បីសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះស្មើមុខមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយុវជនជំនាន់ក្រោយក្រៅពីបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន ត្រូវប្រកាន់ខ្ជាប់នូវចំណុច២សំខាន់៖
១៖ ត្រូវខិតខំបន្តការរៀនសូត្រ យកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។
២៖ ពង្រឹងឆន្ទៈស្នេហាជាតិ សាមគ្គីជាតិរបស់យុវជនជំនាន់ក្រោយឱ្យបានកាន់តែខ្លាំងក្លា។
លោកនាយឧត្តមសេនីយ៍ ក៏បានជូនពរដល់គណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជន្នះលើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ សមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់នាយឧត្តមសេនីយ៍ ផាន់ ងួន និងជូនពរដល់លោកនាយឧត្តមសេនីយ៍ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕