(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស, អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ដ្រីអាកាសដ្ឋាអន្ដរជាតិភ្នំពេញ, មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យមស្ថានភាពអ្នកដំណើរអញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា ក្រុមការងារសុខាភិបាល និងមន្ដ្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានចុះមកពិនិត្យអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងទទួលអ្នកដំណើរយ៉ាងច្រើន អញ្ជើញចូលមកប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមកប្រទេសយើង។

លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «យើងបានឯកភាពគ្នាថា យើងនឹងដាក់នូវម៉ាស៊ីនស្កេនកំដៅនៅកន្លែងដែលភ្ញៀវអញ្ជើញមកដល់ ហើយនៅទីតាំង VIP ក៏យើងនឹងដាក់ម៉ាស៊ីនស្កេនកំដៅ ដើម្បីឱ្យប្រាកដប្រជាថា អ្នកដំណើរអញ្ជើញចូលប្រទេសកម្ពុជា មានកំដៅធម្មតា ឬក៏មានការកើនកំដៅ ប្រសិនបើមានការកើនឡើងកំដៅ ៣៧.៥អង្សា យើងនឹងអញ្ជើញគាត់ទៅពិនិត្យសុខភាព ដើម្បីរក្សាសុខភាពជូនគាត់»

បន្ថែមលើសពីនោះ ក្រសួងសុខាភិបាលក៏បានដាក់នូវម៉ាស៊ីនស្កេនកំដៅនៅព្រលានយន្ដហោះសៀមរាប និងនៅតាមព្រំដែនផងដែរ ដើម្បីប្រាកដប្រជាថា អ្នកធ្វើដំណើរទស្សនៈកិច្ចមកកម្ពុជា មកលេងបងប្អូននៅក្នុងឱកាសចូលឆ្នាំសកល គាត់មានសុខភាពល្អ ឬអការៈធម្មតា។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ លោកតែងតែយកចិត្ដទុកដាក់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកតែងតែអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រយ័ត្នប្រយែង ត្រូវតែអនុវត្ដវិធានការ ៣កុំ ៣ការពារ ជាពិសេសប្រជាពលរដ្ឋ​ដែលមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏សូមអញ្ជើញទៅចាក់វ៉ាក់សាំង ដែលមាននៅគ្រប់ទីកន្លែង តាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់ពលរដ្ឋយើង។

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅកំសាន្ដនៅតាមរម្មណីយដ្ឋានផ្សេងៗក៏ត្រូវប្រយ័ត្នប្រយែង ទោះយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានការថមថយនៃអត្រាឆ្លងជំងឺកូវីដ១៩ក្ដី តែយើងក៏ត្រូវតែបន្ដការពារខ្លួន ដូច្នេះក្រសួងសុខាភិបាល នៅបន្ដធ្វើការណែនាំដល់ប្រជាជន ឱ្យមានការយល់ដឹងកាន់តែច្រើន ព្រោះកន្លងមកកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ​ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋយើង៕