(កំពង់ចាម)៖ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីដំណើរការ និងនិតិវិធី ក្នុងការទទួលបានឥណទានរបស់គម្រោង ACSEP សមាសភាគទី១។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ដោយមានការចូលរួមពី តំណាងរដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលក្រុង ស្រុកទាំង១០ តំណាងសហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានលើកឡើងថា បច្ចុប្បន្នដំណាំរយៈពេលខ្លី បានចូលរួមយ៉ាងសកម្មក្នុងលើកស្ទួយសេដ្ឋកិច្ចគ្រួសារ អាចផលិតបានពី ២ទៅ៣ដងក្នុង១ឆ្នាំ ដូចជា ដំណាំបន្លែគ្រប់មុខ ដំណាំសណ្តែក ដំណាំដំឡូង និងថ្នាំជក់ជាដើម ដែលបានដាំដុះលើផ្ទៃដី ៦៧,៩២០ហិចតា និងផលិតបានចំនួន ៦៧៩,៨០១តោនក្នុងឆ្នាំ២០២២។ ចំណែកឯដំណាំរយៈពេលវែងដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរ ជាដើម បានដាំដុះលើផ្ទៃដី ចំនួន៣៩,១៨៣ហិចតា និងផលិតបានចំនួន ២១១,១៦៥តោនក្នុងឆ្នាំ ២០២២។

លោកបន្តថា ការងារបង្កបង្កើនផលដំណាំស្រូវ អនុវត្តបានចំនួន ១៤៧,៩៩១ហិកតា ក្នុងនោះ ស្រូវវស្សាចំនួន ១០២,១៧៩ហិចតា និងស្រូវប្រាំង ៤៥,៨១២ ហិចតា ទទួលបានទិន្នផល ៣,៦៧តោន/ហិចតា និងផលិតផលស្រូវបានចំនួន ៥៤៣,៨៦០តោន ក្នុងឆ្នាំ២០២២។ ចំពោះដំណាំកៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មមួយដ៍សំខាន់ ដែលបានបន្សល់ទុកកាលពីសម័យបារាំងមកម្លេះ។ ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ ២០១៤មក មកទល់ពេលនេះដំណាំកៅស៊ូមានសរុបចំនួន ៣៣,២៤៥ហិកតា និងមានបរិមាណផល ៣៥,៦៧១តោន ក្នុងនោះមាន៖ កៅស៊ូគ្រួសារ ២៥,៤៨៧ហិចតា និងកៅស៊ូក្រុមហ៊ុន ៧,៧៥៨ហិចតា។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ខេត្តកំពង់ចាម ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តគោលដៅទាំង ៦ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលនឹងចូលរួមចំណែក ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួន មានដូចជា ដំឡូងមី ផ្លែស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រុក ។

ដូច្នេះសិក្ខាសាលថ្ងៃនេះ តំណាងសហគម និងសហគ្រាសផលិត និងកែឆ្នៃផលិតផលកសិកម្មក្នុងក្រុមគោលដៅខេត្តទាំង៣ នឹងទទួលបានព័ត៌មានជាក់លាក់អំពីគម្រោងផ្តល់ប្រាក់កម្ចីរបស់គម្រោង ACSEP សមាសភាគទី១ ដល់សហគ្រាសផលិត និងសហគមន៍កសិកម្ម និងយល់កាន់តែច្បាស់អំពីនិតិវិធី ដែលអាចទទួលបានប្រាក់កម្ចី ដល់សហគ្រាសផលិត និងសហគមន៍របស់ខ្លួន៕