(ភ្នំពេញ)៖ ជនត្រូវសង្ស័យរក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់ ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតថ្នាំញៀនចំនួន៨កញ្ចប់ និងម៉ូតូចំនួន៦គ្រឿង។
ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនត្រូវជាប់សង្ស័យទាំង៨នាក់ខាងលើនេះ ត្រូវបានអនុវត្តន៍និងធ្វើឡើងជាបន្តបន្ទាប់នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់យប់នៅ ចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយ ចង្វារនិងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងនគរបាលខណ្ឌជ្រោយ ចង្វារបានបន្តយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានសហការនិងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦ និងបានប្រទះឃើញបក្ខពួកជនត្រូវសង្ស័យ៨នាក់ ជិះបើកម៉ូតូ៦គ្រឿងកម្លាំងសមត្ថកិច្ចយើង ក៏ឃាត់និងធ្វើការឆែកឆេជាបន្តបន្ទាប់ បានរកឃើញដកហូតថ្នាំញៀនចំនួន៨កញ្ចប់ សង្ស័យជាប្រភេទម៉ាទឹកកក និងដកហូតម៉ូតូចំនួន៦គ្រឿង ដែលបក្ខពួកជនគ្រឿងញៀនទាំងនោះ ជិះធ្វើសកម្មភាពផងដែរ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនត្រូវឃាត់ខ្លួន៖ ទី១-ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២១ឆ្នាំ មានមុខ របរកម្មករសំណង់ និងទី២-ឈ្មោះ ខុន សុខលី ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរនៅផ្ទះ ជនត្រូវសង្ស័យទាំង២នាក់ ស្នាក់នៅ ភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ទី៣-ឈ្មោះ សូន ឌីណា ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាងសំណង់ និងទី៤-ឈ្មោះ ជិន យូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរនៅផ្ទះ ជនត្រូវសង្ស័យ ទាំង២នាក់ ស្នាក់នៅ ភូមិផ្សារលំចង និងភូមិដា ស្រុកបារា យណ៍ ខេត្តកំពង់ធំ ។ទី៥-ឈ្មោះ វ៉ា វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាផ្សារដែក និងទី៦-ឈ្មោះ គីម ឡុង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងផ្សារដែក ជនត្រូវសង្ស័យទាំង២នាក់ ស្នាក់នៅ ភូមិក្នុង ឃុំព្រែកតា ម៊ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ទី៧-ឈ្មោះ យ៉ុន នី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ភូមិបាណា ឃុំសុទេព ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៨-ឈ្មោះ ឈួន សុគុណ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ភូមិស្រាបលិច ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង៨នាក់រួមជាមួយវត្ថុតាង ត្រូវឃាត់ខ្លួនបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តនិតិវិធី របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ៕