(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ បានរួមគ្នារៀបចំពិធីសូត្រមន្តលើករាសី ចម្រើនព្រះបរិត្ត និងពិធីឡើងអ្នកតាម្ចាស់ស្រុក ដើម្បីសុំសេចក្តីសុខចម្រើន កើតមានដល់ប្រជាពលរដ្ឋទូទាំងខណ្ឌ។ ពិធីសូត្រមន្តលើករាសី ចម្រើនព្រះបរិត្ត និងពិធីឡើងអ្នកតាម្ចាស់ស្រុកនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅវិហារអ្នកតាទួលរការ ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធ និងប្រជាពលរដ្ឋ បានរៀបចំឲ្យមានពិធីជាច្រើនទម្រង់ ឲ្យស្របទៅតាមគន្លងនៃព្រះពុទ្ធសាសនា និងតាមបែបជំនឿអរូបិយ៍ ដែលស្របទៅតាមជំនឿរបស់ប្រជាពលរដ្ឋ ដើម្បីសុំសេចក្តីសុខចម្រើនក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោក ហែម រិទ្ធ ធ្វើការបូជា ទៀនធូប ថ្វាយជូនដល់ស្តេចក្រុងពាលី និងបានធ្វើការថ្វាយសំណែន ថ្វាយជូនដល់អ្នកតាម្ចាស់ស្រុក ដើម្បីសុំពរជ័យពីម្ចាស់ទឹកម្ចាស់ដី។ ក្នុងនោះ ក៏មានរៀបចំនូវពិធីពូនភ្នំខ្សាច់ ច់កម្មពារដែលបានសាងនាពេលកន្លងមក ការបញ្ចុះថ្ម ហៅថាថ្មអ្នកស្រុក ដើម្បីសុំសេចក្តីសុខចម្រើន រឹងមាំគង់វង្ស មានសិរីសួស្តីជូនប្រជាពលរដ្ឋផងដែរ។

គូរបញ្ជាក់ថា យោងតាមអ្នកស្រុក ដែលជាចាស់ព្រឹទ្ធាចារ្យនៅក្បែរវិហារ អ្នកតាម្ចាស់ស្រុក ឬ វិហារអ្នកតាទួលរការ បានឲ្យដឹងថា អ្នកស្រុកមានជំនឿជឿជាក់ថា វិហារអ្នកតាម្ចាស់ស្រុកនេះ មានបារមីសក្តិសិទ្ធណាស់។ ទីនេះជាកន្លែងដែលជាសក្ការៈបូជារបស់ប្រជាពលរដ្ឋក្នុងស្រុក តាំងពីដូនតាមមកម្ល៉េះ ដោយតាមជំនឿតគ្នា អ្នកស្រុក អ្នកភូមិតែងតែរៀបចំពីធីជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន កើតមានដល់កូនចៅគ្រប់ៗគ្នា៕