(កំពត)៖ សាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅ មណ្ឌលសុខភាពឈូក និង មន្ទីរពេទ្យបង្អែកឈូក ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។

លោកសាស្រ្តាចារ្យ បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាល ព្រមទាំងអជ្ញាធរខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងវិជ្ជាជីវៈ។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ បានចុះពិនិត្យ មន្ទីពិសោធន៍ និងឃ្លាំងឱសថរបស់មន្ទីរពេទ្យ និងបានណែនាំ ដល់មន្រ្តីបុគ្គលិកទាំងអស់ អោយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញអោយបានគ្រប់ៗគ្នា ជាគំរូដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកសាស្រ្តាចារ្យ ក៏បានឆ្លៀតពេលវេលាសួរសុខទុក្ខ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបាននាំកូនមកចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាព និង អ្នកជំងឺដែលបានមកសំរាលកូន និងសំរាកក្នុងមន្ទីរពេទ្យ។

លោកបានលើកទឹកចិត្តអោយបងប្អូន បន្តប្រើប្រាស់សេវាសុខាភិបាលរបស់រដ្ឋ ដែលនៅជិតបងប្អូនបំផុត និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់អោយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកសាស្រ្តាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនជាមន្រ្តីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងសំណូមពរ អោយពួកគាត់បន្តនូវសកម្មភាពដ៏ប្រពៃ និងគួរជាទីគោរពនេះបន្តទៀត ដើម្បីធ្វើយ៉ាងណា អោយសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និងអាចរកបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ខាងមុននេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានប្រសិទ្ធិពរជូនដល់បងប្អូន ជាមន្រ្តីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕