(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញភាពជឿជាក់ថា លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន នឹងប្រឹងប្រែងស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានទាំងមូល។

ក្តីសង្ឃឹមនេះបង្ហាញឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ពេលលោក ប្រាក់ សុខុន ទទួលជួបសម្តែងការគួរសមជាមួយលោក កៅ គឹមហួន មុនលោកចាកចេញទៅទីក្រុងហ្សាកាតា ដើម្បីបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន។

លោកប្រមុខការទូត បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា «រីករាយដែលបានទទួលការជួបជម្រាបលាពី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ខណៈដែលឯកឧត្តមត្រៀមចាកចេញទៅទីក្រុងហ្សាកាតា ក្នុងឋានៈជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិរយៈពេលប្រាំឆ្នាំ។ ខ្ញុំជឿជាក់ថា ឯកឧត្តមនឹងបំពេញតួនាទីនេះឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានយើង។ សូមជូនពរឯកឧត្តមទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមមួយនេះ»

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ានទាំងអស់ បានគាំទ្រចំពោះការតែងតាំង លោកបណ្ឌិត កៅ គឹមហួន ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន។ លោកបណ្ឌិត កៅ គឹមហួន ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ។ ការតែងតាំងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន នឹងត្រូវបានតែងតាំងជាផ្លូវការ ដោយកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់អាណត្តិ ៥ឆ្នាំ ដែលអាណត្តិនេះមិនអាចបន្តទៀតបានទេ ហើយត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃ រដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕