(ភ្នំពេញ)៖ ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគាំពារសង្គម បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសាងាយរងហានិភ័យ នៅខេត្តព្រៃវែង​ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់កម្មវិធីជំនួយសង្គមចំនួន២ កាលពីពេលថ្មីៗនេះ គឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» និង «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់»​ ដើម្បីធានាថា ពលរដ្ឋងាយរងហានិភ័យ ត្រូវបានកំណត់អត្តសញ្ញាណ​ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល។

ការចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសាងាយរងហានិភ័យ នៅខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ បានដឹកនាំដោយ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិគាំពារសង្គម។

ក្នុងឱកាសនោះដែរ ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បានជួបពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធ ចំណុះឱ្យរដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដើម្បីពិភាក្សាពីបញ្ហាប្រឈម, ដំណោះស្រាយ, និងសំណូមពរពាក់ព័ន្ធនឹងការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» និង »កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់” នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

​លោកបណ្ឌិត ចន ណារិទ្ធ បានស្នើឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលនៅក្នុងឃុំសង្កាត់នានា ក្នុងក្រុង-ស្រុកនីមួយៗ ក្រែងលោមានក្រុមគ្រួសារងាយរងហានិភ័យណាមួយ នៅសេសសល់មិនទាន់ ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ ដើម្បីឱ្យពួកគាត់អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីខាងលើ។

លោក ជា សុមេធី បានបញ្ជាក់ថា តាមការវាយតម្លៃជារួម ប្រជាពលរដ្ឋបានសម្ដែងនូវការសារទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឱ្យអនុវត្តកម្មវិធីនេះបានទាន់ពេល ក្នុងការជួយសម្រួលបន្ទុកជីវភាព ដែលរងផលប៉ះពាល់អវិជ្ជមានពីសម្ពាធអតិផរណា និងគ្រោះទឹកជំនន់។ ​

លោកបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត នឹងបន្តសហការពិនិត្យលទ្ធភាពក្នុងការកំណត់ អត្តសញ្ញាណគ្រួសារងាយរងហានិភ័យបន្ថែម នៅក្នុងភូមិសាស្ត្រគោលដៅក្នុងខេត្តព្រៃវែង។

ក្នុងឱកាសនោះ ​លោកបណ្ឌិត ចន ណារិទ្ធ បានពាំនាំនូវការវាយតម្លៃខ្ពស់ និងសេចក្ដីថ្លែងអំណរគុណ របស់​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ជូនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានខិតខំបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក ដែលបានរួមចំណែកក្នុងដំណើរការ នៃការអនុវត្តកម្មវិធីអន្តរាគមន៍ជំនួយសង្គមពិសេសនេះដោយរលូន​៕