(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលនូវែលសេឡង់ និងអូស្ដ្រាលី ឆ្នាំ២០២៣ ត្រូវខិតខំរៀនសូត្រ និងទទួលយកបទពិសោធន៍ល្អៗ ពីប្រទេសអភិវឌ្ឍន៍ទាំងពីរ។

ការក្រើនរម្លឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល ជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលនូវលសេឡង់ សម្រាប់ឆ្នាំសិក្សា ២០២៣ ចំនួន១២រូប និងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី (Australia) សម្រាប់ឆ្នាំសិក្សា២០២៣ ចំនួន៤៣រូប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ ដែលរដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា និងមានជំនឿយ៉ាងមុតមាំថា ជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី នឹងក្លាយជាធនធានថ្មីបន្ថែមទៀត ដែលមានគុណភាពប្រកបដោយគំនិតច្នៃប្រឌិត ដែលនឹងជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនតទៅទៀត ជាពិសេសសម្រេចបាននូវគោលដៅនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០៣០ ដែលយើងមានមហិច្ឆតាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

លោកបានបន្ថែមទៀតថា និស្សិតជ័យលាភីត្រូវរក្សាជាប់ជានិច្ចនូវឆន្ទៈស្នេហាជាតិ និងចងចាំថា គោលបំណងចំបងនៃការផ្ដល់ និងទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់និងប្រទេសអូស្ត្រាលីនេះ គឺដើម្បីក្លាយជាធនធានដែលមានសមត្ថភាពគ្រប់គ្រាន់ និងត្រឡប់មកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូននិស្សិតជ័យលាភីថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានលទ្ធផលប្រមូលចំណូល ប្រកបដោយជោគជ័យគួរជាទីមោទនៈ ធនធានមនុស្សដ៏សំខាន់ របស់អគ្គនាយកដ្ឋានពន្ធដារ៕