(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញមកព្រមានដល់ម្ចាស់គណនី Facebook ឈ្មោះ Namekh ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពផ្សព្វផ្សាយ និងក្លែងបន្លំជាភ្នាក់ងារផ្តល់សេវា ចុះឈ្មោះដែនជាតិ .kh។
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុកឈ្មោះ “Namekh” បានធ្វើការផ្សព្វផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការចុះឈ្មោះដែនជាតិ .kh ដោយបានបញ្ជាក់ និងណែនាំឱ្យសាធារណជនទាក់ទងទៅលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលដែលមាននៅក្នុងទំព័រហ្វេសប៊ុកនេះ ដើម្បីទទួលបានព័ត៌មាននិងការជួយសម្របសម្រួលក្នុងការចុះឈ្មោះដែនជាតិ .kh។
ករណីនេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Namekh” បាននិងកំពុងដើរតួជាភ្នាក់ងារផ្តល់សេវាចុះឈ្មោះដែនជាតិ .kh ដោយគ្មានការអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា ដែលផ្ទុយនឹងច្បាប់និងបទប្បញ្ញត្តិជាធរមាន។
និយ័តករទូរគមនាគមន៍កម្ពុជា សូមណែនាំដល់ម្ចាស់ទំព័រហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពផ្សព្វផ្សាយ និងក្លែងបន្លំជាភ្នាក់ងារផ្តល់សេវា ចុះឈ្មោះដែនជាតិ .kh។ ឆ្លៀតក្នុងឱកាសនេះ និយ័តករទូរគមនាគមន៍កម្ពុជា សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ករណីបុគ្គលដែលមានតម្រូវការចុះឈ្មោះ ប្រើប្រាស់ឈ្មោះដែនជាតិ .kh គឺអាចដាក់ពាក្យស្នើសុំដោយផ្ទាល់មក និយ័តករទូរគមនាគមន៍កម្ពុជា ឬអាចសាកសួរព័ត៌មានពាក់ព័ន្ធផ្សេងៗ តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ។
និយ័តករទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះក្រុមហ៊ុនឬបុគ្គលទាំងឡាយណា ដែលធ្វើប្រតិបត្តិការផ្តល់សេវា ឬដើរតួធ្វើជាភ្នាក់ងារចុះឈ្មោះដែនជាតិ .kh ដោយគ្មានការអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា៕