(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប ២៤ឆ្នាំហើយ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ ឯកភាពទឹកដីជាធ្លុង ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ដើម្បីអបអរសាទរថ្ងៃដែលជាតិ និងប្រជាពលរដ្ឋកម្ពុជា ទទួលបានភាពសុខសាន្តនេះ ក្រសួងការពារជាតិ បានរៀបចំពិធីជួបជុំដ៏មហោឡារិកមួយស្ថិតនៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ពិធីអបអរសាទរថ្ងៃបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋសរុបជិត ៥ពាន់នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា អ្នកចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ មានចំនួនប្រមាណ ៤,៦៨៨នាក់។ ក្នុងនោះគណៈអធិបតី ភ្ញៀវជាតិ និងអន្តរជាតិសរុប ២៧២នាក់, ព្រះសង្ឃ ៧អង្គ, កងកម្លាំងប្រដាប់អាវុធ រួមទាំងកាយរឹទ្ធិ ១៩ផែន ស្មើនឹង ២,៣១៥នាក់, ផែនយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាយរឹទ្ធិ កាកបាទក្រហម ៨៩៤នាក់ ផែនប្រជាពលរដ្ឋ ១,២០០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការប្រារព្ធខួបនេះ មានសារៈសំខាន់ណាស់ ដែលត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ជ្រូតជ្រាបពីនយោបាយឈ្នះ-ឈ្នះ គាំទ្ររាល់សកម្មភាពនៃនយោបាយឈ្នះ-ឈ្នះ ដឹងគុណ និងកតញ្ញូចំពោះវីរជន ជាពិសេសស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិរហូតបានបញ្ចប់សង្គ្រាមទាំងស្រុង។

ទ​ន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរនេះ នឹងមានការសម្ពោធសួនសមិទ្ធផលមួយចំនួន ដែលទើបសាងសង់រួចរាល់នៅបរិវេណវិមានឈ្នះ-ឈ្នះ។ សមិទ្ធផលដែលសម្ពោធនោះ មានដូចជា សមិទ្ធផលរបស់កងយោធពលខេមរភូមិន្ទ, សន្តិសុខជាតិ រួមមានកងរាជអាវុធហត្ថ និងនគរបាលជាតិ, សួនស៊ីម៉ាក់​ និង សួនស្តីពីការកសាងវិមានឈ្នះ-ឈ្នះ។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំតាំងពិព័រណ៍ស្តីពីការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះរបស់កងយោធពលខេមរភូមិន្ទចំនួន ១៩ស្តង់។ ក្នុងនោះផែនចំណុះក្រសួងការពារជាតិ ១២ស្តង់ និងអគ្គបញ្ជាការចំនួន៧ស្តង់ ហើយនៅពេលរាត្រី មានបាញ់កាំជ្រួចថែមទៀតផង។

សូមបញ្ជាក់ថា កម្ពុជា បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។

ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ការបិទបញ្ចប់សង្គ្រាមមួយនេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរីភាព។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។

នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល។ ដូច្នេះនយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព។

នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមប្រារព្ធពិធីអបអរសាទរ ថ្ងៃបិទបញ្ចប់ភ្លើងសង្គ្រាមនេះ ដើម្បីរំលឹកដល់គំរូវីរភាពស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាបញ្ជ្រាបឱ្យប្រជាពលរដ្ឋខ្មែរ បានដឹងពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលជាបុព្វហេតុនាំមកនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការអភិវឌ្ឍសម្រាប់សង្គមជាតិដូចពេលបច្ចុប្បន្ន។

ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរកំណត់យកទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាកនោះឡើយ។

ក្នុងសារាចរនោះ រាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»៕