Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ក្រសួងបញ្ចប់ការពិនិត្យករណីបាតុភាពរបស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ រួចរាល់ និងបានស្នើវិធានការរួចហើយដែរ

28-12-2022 22:13

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ថ្នាក់ដឹកនាំក្រសួងអប់រំ បានបញ្ចប់កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីបាតុភាពរបស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ រួចរាល់ និងបានស្នើវិធានការរួចហើយដែរ។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីលោកបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ក្រសួងអប់រំចំនួន២០រូប ដើម្បីពិនិត្យលើករណីពុករលួយ របស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្ត្រីថ្នាក់ក្រោមចោទប្រកាន់ និងប្តឹងមកក្រសួង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំពិនិត្យករណីលោក អ៉ិន ពៅសម្បត្តិ យ៉ាងខ្លីថា «បានប្រជុំរួចហើយ និង បានស្នើវិធានការហើយដែរ។ សូមរង់ចាំទទួលព័ត៌មាន»

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។

បន្ទាប់ពីទទួលបានបណ្តឹងចោទប្រកាន់លើប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ, លោក ហង់ជួន ណារ៉ុន បានចាត់មន្រ្តីមួយក្រុម ដើម្បីចុះធ្វើអធិការកិច្ចទាក់ទងនឹងករណី ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលជាប់សង្ស័យប្រព្រឹត្តិអំពើពុករលួយ និងកិបកេងថវិកាជាតិ។ មន្ត្រីអធិការកិច្ចមួយក្រុមមានគ្នា៦នាក់ ដឹកនាំដោយ លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងអប់រំយុវជន និងកីឡា អមដោយមន្ត្រី៥រូបផ្សេងទៀត។

មន្ត្រីទាំងនោះបានធ្វើបេសកកម្មចេញទៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរអប់រំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសំណុំឯកសារជាច្រើន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន មន្ត្រីអប់រំទាំងនោះ ក៏បានដាក់ពាក្យស្នើសុំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕