(ភ្នំពេញ)៖ មានការប៉ះទង្កិចគ្នាដោយអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមន្ដ្រីនគរបាលម្នាក់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ជំហ៊ានដំបូងបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងនេះ ធ្វើឡើងដោយកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមសេចក្ដីរាយការណ៍ ពេលកម្លាំងជំនាញកំពុងតាមប្រមាញ់ឧក្រិដ្ឋជនគ្រឿងញៀន ដែលជាជនជាតិបរទេស (មិនទាន់បញ្ជាក់ច្បាស់ថា ចិន ឬជនជាតិវៀតណាម) ស្រាប់តែពួកគេបើកការបាញ់ប្រហារមកលើកម្លាំងនគរបាលតែម្ដង បានបណ្ដាលឲ្យមន្ដ្រីម្នាក់ស្លាប់នៅកន្លែងកើត។
សេចក្ដីរាយការណ៍បានបញ្ជាក់បន្ថែមថា មន្ដ្រីនគរបាលដែលរងរបួសរហូតបាត់បង់ជីវិតនេះ ឈ្មោះ ម៉ិច ឆាយភីវ័យ ពាក់ស័ក្ដិ៤ និងមានតួនាទីជារងការិយាល័យ។ ដោយឡែក ឧក្រិដ្ឋជនដែលចាប់ខ្លួនបាននោះ គេមិនទាន់ដឹងថាប៉ុន្មាននាក់នៅឡើយទេ៕