(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យរដ្ឋប៉ាដាង (Padang State University)ជាភាសាឥណ្ឌូនេសុី (Universitas Negeri Padang) ដឹកនឹកដោយ លោកបណ្ឌិត Ganefri សាកលវិទ្យាធិការ និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការសាកលវិទ្យាល័យរដ្ឋ ចំនួន១៣៦ សាកលវិទ្យាល័យនៅប្រទេសឥណ្ឌូនេសុី ដែលជំនួបនេះ រៀបចំធ្វើនៅការិយាល័យផ្ទាល់របស់លោក អូស្មាន ហាស្សាន់។
ប្រតិភូនៃសកលវិទ្យាល័យខាងលើ អញ្ជើញមកកម្ពុជា ដើម្បីធ្វើតេស្តសមត្ថភាពជ្រើសរើសនិស្សិតកម្ពុជា ឲ្យទៅបន្តការសិក្សានៅសកលវិទ្យាល័យរដ្ឋប៉ាដាង នៃប្រទេសឥណ្ឌូនេស៊ី។ សាកលវិទ្យាល័យ មានបំណងផ្ដល់អាហារូបករណ៍ចំនួន៤០កន្លែង ក្នុងនោះ ២០កន្លែង ផ្ដល់អាហារូបករណ៍ ១០០% និង ២០ ។កន្លែង ផ្សេងទៀត ផ្ដល់អាហារូបករណ៍លើថ្លៃសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលតែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសកាន់តែទូលំទូលាយក្នុងពង្រឹងសមត្ថភាពរបស់ខ្លួន ហើយនេះគឺជាការ ចូលរួមដ៏ធំធេងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋប៉ាដាង ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឧត្តមភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួនសរុប ៣,៩៥៧ នៅប្រទេសឥណ្ឌូនេសុី។
សាកលវិទ្យាល័យនេះបង្កើតទ្បើងនៅឆ្នាំ១៩៥៤ មានទំហំផ្ទៃដីសរុបចំនួន ២២៥ហិកតា ដែលបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាចំនួនជាង ៤៨,០០០នាក់ និងមានជំនាញចំនួន ១០រួមមាន ផ្នែកអប់រំ, ផ្នែកភាសា និងសិល្បៈ, ផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រធម្មជាតិ, ផ្នែកវិទ្យាសាស្ត្រសង្គម, ផ្នែកវិស្វកម្ម, ផ្នែកវិទ្យាសាស្ត្រកីឡា, ផ្នែកសេដ្ឋកិច្ច, ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍, ផ្នែកសិក្សាបញ្ចប់ការសិក្សា និងផ្នែកចិត្តវិទ្យា និងសុខភាព៕