(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាកាតសម្គាល់ខ្លួន និងជាប័ណ្ណ អេធីអឹម (ATM) សម្រាប់បើកប្រាក់បៀរវត្សពីធនាគារ រួមទាំងអាចប្រើប្រាស់ជាសម្រាប់មុខងារដទៃទៀតនេះ គឺជាធ្វើកំណែរទម្រង់រដ្ឋបាលសាធារណៈ ស្របទៅនឹងកម្មវិធីសម្រាប់អនុវត្តន៍ នូវគោលនយោបាយរបស់រដ្ឋាភិបាលឌីជីថល។
លោក ព្រុំ សុខា បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការប្រើប្រាសស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Cambodianna និងដោយមានការចូលរួមពីតំណាងធនាគារ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ព្រុំ សុខា បានបន្ថែមទៀតថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ស្មាតកាតនេះ បានសញ្ជាក់ថា យើងបានសម្រេចនូវស្នាដៃមួយ ជាស្នាដៃពន្លកនៃកិច្ចខិតខំប្រឹងប្រែង ក្នុងកម្មវិធីសម្រាប់អនុវត្តន៍នូវគោលនយោបាយរដ្ឋាភិបាលឌីជីថល របស់រាជរដ្ឋាភិបាលនៃព្រះរាជជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ [..] ក្នុងការប្រើបច្ចេកវិទ្យាទំនើប នៅក្នុងយុគសម័យនៃសម័យនៃបច្ចេកវិទ្យា 4.0»។
លោករដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ដែរថា ការប្រកាសដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មីនេះ ក៏ជាជំហ៊ានមួយក្នុងការធ្វើកំណែរទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធ្វើយ៉ាងណាក្នុងការអភិវឌ្ឍ និងការក៏សាងធនធានមនុស្ស ក៏សាងអភិវឌ្ឍស្ថាប័ន ហើយការបោះពុម្ពស្មានកាតនេះ ក៏ជាដើរឱ្យទាន់នៃការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ។
លោក ព្រុំ សុខា បានបន្ថែមទៀតថា ដំណើរការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការស៉ីវិលប្រភេទថ្មីនេះ គឺជាការកែប្រែក្តីស្រម៉ៃ ឱ្យក្លាយជាការពិត តាមរយៈការកែរប្រែពីកាតមន្ត្រីរាជការ ឱ្យបានក្លាយទៅជាកាតមន្ត្រីរាជការផង និងអាចប្រើប្រាស់ដើម្បីបើកប្រាក់ខែ តាមរយៈធនាគារជាដៃគូផង រួមទាំងការប្រើប្រាស់ទៅមធ្យោបាយផ្សេងៗមួយចំនួនទៀត។
លោកបានអះអាងទៀតថា ក្រសួងក៏នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍលើបញ្ហាផ្សេងៗទៀត ដែលក្នុងនោះក្រសួងក៏នឹងរៀបចំលើគម្រោងគាំពារសុខុមាលភាព របស់មន្ត្រីរាជការរួមទាំងបញ្ហាមួយចំនួនទៀតផងដែរ។
បើតាមលោក ព្រុំ សុខា សម្រាប់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ គឺមានសុពលភាពរហូតដល់១០ឆ្នាំ ហើយបន្ទាប់ពីការធ្វើជូនមន្ត្រីរាជការស៊ីវិលនេះរួចហើយ ក៏និងមានការរៀបចំធ្វើសម្រាប់មន្ត្រីជាប់កិច្ចសន្យា រួមទាំងបុគ្គលិកបណ្តែតផងដែរ។ ជាមួយគ្នានោះលោកបានបន្ថែមថា សម្រាប់ការប្រើប្រាស់កាតនេះ ក្នុងការបើកប្រាក់ខែបាននៅពេលណានោះ គឺអាស្រ័យទៅលើតាមបណ្តាក្រសួងស្ថាប័ន បានធ្វើការផ្ញើព័ត៍មានពីមន្ត្រីរបស់ខ្លួន មកកាន់អគ្គនាយកដ្ឋានព័ត៍មានវិទ្យារបស់ក្រសួង ដើម្បីបញ្ជូលឈ្មោះផ្ញើទៅកាន់បណ្តាធនាគារ ដែលជាដៃគូផងដែរ។
បើតាមរបាយការណ៍ ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ស្របពេលជាមួយនឹងការ
រីករាលដាលនៃជំងឺកូវីដ១៩ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ហើយត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២១ ដែលមានលក្ខណៈជាក្របខណ្ឌរួម និងជាផែនទី
ចង្អុលផ្លូវ ក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គ ក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។
ក្របខណ្ឌគោលនយោបាយនេះ មានសសរស្តម្ភចំនួន៣ គឺ (១) ការកសាងរដ្ឋាភិបាលឌីជីថល (២) ការកសាងពលរដ្ឋឌីជីថល និង(៣)ការកសាងធុរកិច្ចឌីជីថល។ អនុលោមតាមក្របខណ្ឌគោលនយោបាយខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់ គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ»។
ការបោះពុម្ព និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការប្រភេទថ្មី បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនូវកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបថ្មីមួយទៀត របស់ក្រសួងមុខងារសាធារណៈ ក្នុងការរួមចំណែក
ជំរុញការកសាង រដ្ឋាភិបាលឌីជីថល តាមរយៈការធ្វើទំនើបកម្មនិងនវានុវត្ត ក្នុងរដ្ឋបាលសាធារណៈផងដែរ៕