(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដំណើរការចង្វាក់ផលិតកម្ម របស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដំណើរការចុះពិនិត្យនោះ លោក គួច ចំរើន បានចុះទៅគម្រោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត ដែលកំពុងសាងសង់លើផ្ទៃដី២៨ហិកតា ជំហ៊ានទី១ សាងសង់លើផ្ទៃដី១០ហិកតា សាងសង់ បាន៦០ភាគរយ និងតំឡើងមាស៊ីនបាន៥ភាគរយ បំពាក់ម៉ាស៊ីន៥ជួរ ក្នុងនោះ៣ជួរជាម៉ាស៊ីនស្វ័យប្រវត្តមិនចាំបាច់ប្រើមនុស្ស និង២ជួរផ្សេងទៀតប្រើប្រាស់កម្លាំងពលកម្ម។
បច្ចុប្បន្នរោងចក្រ ត្រូវការកម្លាំងពលកម្មចំនួន១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចចំណាយពេល៣៨វិនាទី ដោយឡែកសំបកកង់ឡានធំ អាចផលិតបាន២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល៦០វិនាទី។ ចំណែកឯវត្ថុធាតុដើមអាចប្រើកៅស៊ូ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃនិងម៉ាឡេស៊ី។
ក្រុមហ៊ុនខាងលើបច្ចុប្បន្ន មានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ សំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។ បន្ទាប់មកទៀតអភិបាលខេត្ត ក៏បានទៅពិនិត្យរោងចក្រផលិតបន្ទះសូឡា និងបន្តទៅពិនិត្យមើលរោងចក្រផលិតគ្រឿងសង្ហារឹម។
នាឱកាសនោះ អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណលោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រ ដែលបានជួយសម្របសម្រួល ឲ្យក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី សូឡា និង រោងចក្រផលិតគ្រឿងសង្ហារឹមនៅក្នុងតំបន់សេដ្ឋកិច្ច។
អភិបាលខេត្ត ក៏បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផលដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។
លោកថា ជាក់ស្តែងដូចជាអ្នកដាំកៅស៊ូនៅកម្ពុជា នៅពេលមានរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ ដូច្នេះមិនចង់ឲ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាពពីធ្វើស្រែ ដីមកជាការដាំដុះកៅស៊ូ។
លោកបន្តថា រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការនៃប្រទេសនីមួយៗមានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ទៅតាមលទ្ធភាព និងសមត្ថភាពដែលអាច ធ្វើទៅបាន។ ការផលិតរបស់សុទ្ធសឹងតែនាំទៅអឺរ៉ុប និងអាមេរិក ទោះបីជាប្រទេសទំនើបក៏នៅតែត្រូវការ ផលិតផលពីកម្ពុជា យើងក៏ត្រូវការផលិតផលរបស់គេត្រឡប់មកវិញផងដែរ គឺជាផលិតផលបំពេញបន្ថែម៕