បាតុភូតរន្ទះបាញ់ បានផ្តាច់ជីវិតប្រជាជនឥណ្ឌា ៤៦នាក់ហើយ ក្នុងសប្តាហ៍នេះ
22-06-2016 13:32
(ញូដេលី)៖ នារយៈពេលបីថ្ងៃដើមសប្តាហ៍នេះ ប្រជាជនឥណ្ឌា ៤៦នាក់ហើយ ត្រូវបានរន្ទះបាញ់ស្លាប់ នៅរដ្ឋបីហារ ភាគខាងកើតប្រទេស ដែលវាតែងតែបានកើតឡើងនៅអំឡុងពេលមេឃរកភ្លៀង និងពេលភ្លៀងធ្លាក់លាយឡំនឹងខ្យល់បក់បោក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា នៅដើមរដូវវស្សានេះ មិនត្រឹមតែប្រទេសឥណ្ឌាទេដែលរងគ្រោះធម្មជាតិអាក្រក់ៗ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ការបាក់ដី និង រន្ទះបាញ់ ដោយសូម្បីតែប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បូង ភាគច្រើនក៏បានទទួលរងគ្រោះប្រហាក់ប្រហែលនឹងគ្នាដែរ។
យ៉ាងណាមិញរដ្ឋាភិបាលឥណ្ឌា បានបញ្ជាឲ្យអាជ្ញាធរថ្នាក់តំបន់ ធ្វើការណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវដើរទៅណាមកណា ឬជ្រកក្រោមដើមឈើធំៗ នោះឡើយប្រសិនបើមេឃកលរកភ្លៀង ឬ ក៏ពេលកំពុងមានភ្លៀងខ្យល់ខ្លាំងនោះ៕