(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានថ្លែងថា ការជក់បារី ឬផ្សែងបារី បានបង្កឱ្យកើតជំងឺជាច្រើនមុខ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សូមអំពាវនាវដល់ប្រជាពលរដ្ឋ គួរតែបញ្ឈប់ការជក់បារីនេះ។
ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងកិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលប្រព្រឹត្ដទៅសណ្ឋាគារសុខា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានថ្លែងបន្ដថា តាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្របានរកឃើញថា ការជក់បារី បណ្ដាលឱ្យកើតជំងឺច្រើនមុខ ដូចជា ជំងឺមហារីក ជំងឺសរសៃបេះដូង ជំងឺបេះដូង ជំងឺសួត និងជំងឺទឹកនោមផ្អែម។
លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងពីគ្រោះថ្នាក់ដោយសារផ្សែងបារីនេះ មិនតែអ្នកជក់ អ្នកជុក ពិសេសអ្នកស្រូប ឬទទួលផ្សែងបារីពីគេ គឺមានគ្រោះថ្នាក់ដូចគ្នា ។ បើក្នុងគ្រួសារមួយមានស្វាមីជក់បារី ភរិយា និងកូន ជួយអប់រំដាស់តឿនគាត់ឱ្យឈប់ជក់បារី កុំឱ្យអ្នកជុំវិញគ្រោះថ្នាក់ដោយសារគាត់ ពិសេសចំពោះស្ដ្រីមានផ្ទៃពោះ និងក្មេងអាយុក្រោម២ឆ្នាំរឹតតែមានគ្រោះថ្នាក់»។
បច្ចុប្បន្ននេះ ការប្រើប្រាស់ថ្នាំជក់ទូទាំងប្រទេសមានការថយចុះ ហើយប្រជាពលរដ្ឋយើងមួយចំនួនក៏បានផ្លាស់ប្ដូរឥរិយាបថផងដែរ ពិសេសនៅតាមសាធារណៈ ដូចជានៅតាមភោជនីយដ្ឋាន សណ្ឋាគារជាដើម មានការថយចុះ។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា ការថយចុះនៃការប្រើប្រាស់ថ្នាំជក់នេះ ដោយសារប្រជាពលរដ្ឋយើងយល់ដឹងបានច្រើនទៅដល់សហគមន៍ពេលមន្ដ្រីជំនាញយើងចុះទៅអប់រំសុខភាព និងការចាត់វិធានតាមផ្លូវច្បាប់។ លោកបន្ថែមថា សម្រាប់វិធានការតាមផ្លូវច្បាប់ ក្រសួងបានដាក់ពាក្យបណ្ដឹងទៅតុលាការ លើក្រុមហ៊ុនផលិតបារីចំនួន៤ ហើយតុលាការបានចេញសាលក្រម និងផាកពិន័យរួចរាល់។
កិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ ក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពនៃការអនុវត្ដការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា និងពិភាក្សាជំរុញការអនុវត្ដទីក្រុងគ្មានផ្សែងបារី នៅថ្នាក់ក្រោមជាតិ តាមណ្ដាស្ថាប័ន ក្រសួង មន្ទីរពាក់ព័ន្ធ ឱ្យកាន់តែប្រសើរទៀត។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការការពារសុខភាពប្រជាជនពីគ្រោះថ្នាក់ និងផ្សែងផលិតផលថ្នាំជក់ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលដឹកនាំដោយក្រសួងសុខាភិបាល បានយកចិត្តទុកដាក់អនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ សម្រេចបានជោគជ័យជាច្រើន។ ចាប់តាំងពីឆ្នាំ២០១៥ កម្ពុជា មានច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានចូលជាធរមាន ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ បានសហការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយអនុវត្តវិធានការច្បាប់ និងវិធានការអប់រំផ្លាស់ប្តូរឥរិយាបថ។
ការអនុវត្តអនុក្រឹត្យស្តីពី វិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈដែលចូលជាធរមាននៅខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ ការអនុវត្តកន្លែងធ្វើការ និងទីកន្លែងសាធារណៈគ្មានផ្សែងថ្នាំជក់នេះ មានភាពរីកចម្រើនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរឥរិយាបថរបស់អ្នកជក់ថ្នាំជក់ និងម្ចាស់ទីតាំង ពីទម្លាប់ជក់បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ៕