(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានសម្រេចតែងតាំងលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប ជាឯកអគ្គរាជទូតសុឆន្ទៈរបស់កម្ពុជា ក្នុងគោលបំណងជំរុញវិស័យ ទេសចរណ៍កម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ដំណឹង នៃការសម្រេចតែងលោក Anton Caragea ជាឯកអគ្គរាជទូតសុឆន្ទៈរបស់កម្ពុជា ត្រូវបានប្រកាសក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីទទួលពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» ពីក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប និង មេដាយ «សមាជិកកិត្តិយស» ពីបណ្ឌិតសភាទេសចរណ៍អឺរ៉ុប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា លោក Anton Caragea បានទទួលនូវសំណើតែងតាំងនេះរួចហើយ។ សម្តេចរំពឹងថា ការតែងតាំង លោក Anton Caragea នឹងជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍កម្ពុជាទៅកាន់តំបន់អឺរ៉ុប បានកាន់តែខ្លាំងក្លាថែមទៀត។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ធ្លាប់បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរអឺរ៉ុបមានកំណើនជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអឺរ៉ុបប្រមាណ ៧២ម៉ឺននាក់ ហើយរយៈពេល៤ខែឆ្នាំ២០១៦នេះ ទទួលបានភ្ញៀវទេសចរមកពីអឺរ៉ុប ៣២ម៉ឺននាក់ កើនលើសឆ្នាំទៅ ៧ភាគរយ បើធៀបរយៈពេលដូចគ្នា។ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា នៅឆ្នាំ២០១៦នេះ កម្ពុជាអាចទទួលភ្ញៀវទេសចរអឺរ៉ុប បានដល់ទៅ ១លាននាក់៕