(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ដែលធ្លាប់តែល្បីល្បាញខាងកាប់សម្លាប់ ល្បីល្បាញមានសង្រ្គាម និងជម្លោះនោះ បាននិងកំពុងតែល្បីល្បាញទៅលើវិស័យទេសចរណ៍ បន្ទាប់ពីបានស្វែងរកសន្តិភាព និងបញ្ចប់សង្រ្គាមទាំងស្រុង ជិត២ទស្សវត្សរ៍កន្លងមកនេះ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ អញ្ជើញទទួលពានរង្វាន់ «ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» ពីក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប ក៏ដូចជាការទទួលមេដាយ «សមាជិកកិត្តិយស» ពីបណ្ឌិតសភាទេសចរណ៍អឺរ៉ុប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះនៅវិមានសន្តិភាព។
ក្នុងពិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់យ៉ាងច្រើន ពីវឌ្ឍនភាពលើវិស័យទេសចរណ៍របស់កម្ពុជា។ សម្តេចតេជោ បានបន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍ បានបង្កើតនូវចំណូល ដែលអាចជាប្រភពធនធានចូលរួមជួយដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថានធនធានធម្មជាតិ របស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានថ្លែងផងដែរថា តាមរយៈវិស័យទេសចរណ៍នេះ បាននិងកំពុងធ្វើឲ្យប្រទេសកម្ពុជាល្បីរន្ទឺ នៅលើឆាកអន្តរជាតិផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជា ពីមុនដែល្បីល្បាញខាងកាប់សម្លាប់ ល្បីល្បាញថាមានសង្រ្គាម និងជម្លោះ ប៉ុន្តែឥឡូវនេះកម្ពុជាកំពុងល្បីល្បាញ ទៅលើវិស័យ នៃទេសចរណ៍ ហើយទេសចរណ៍នោះ មានប្រភេទជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយយើងក៏អាចបង្កើតឡើងជាបណ្តើរៗ នូវមូលដ្ឋានតំបន់ទេសចរណ៍ រាប់ទាំងកសិទេសចរណ៍ជាដើម»។
ជាមួយនឹងការទទួលបានពានរង្វាន់ «ជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០១៦» និងការទទួលមេដាយ «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» បន្ទាប់ពីបានប្រឹងប្រែងដើម្បីវឌ្ឍនភាពទេសចរណ៍នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាការអភិវឌ្ឍប្រកបដោយចីរភាព មានការទទួលខុសត្រូវ និងប្រកបដោយសមធម៌ ព្រមទាំងចូលរួមដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងចាត់ទុកវិស័យនេះ គឺជា «មាសបៃតង» ដែលនឹងចូលរួមសម្តេច ឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
បន្ទាប់ពីការទទួលបានពានរង្វាន់ខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងក្តីរំពឹងទុកថា នឹងទាក់ទាញភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនថែមទៀត មកកាន់កម្ពុជា។ ដើម្បីជាការទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរអឺរ៉ុបមកកាន់កម្ពុជា ឲ្យកាន់តែច្រើនថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចតែងតាំងលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប ជាឯកអគ្គរាជទូតសុឆន្ទៈរបស់កម្ពុជា ហើយលោក លោក Anton Caragea ក៏បានព្រមទទួលរួចហើយ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជាទទួល បានភ្ញៀវទេសចរជាង ៤,៧លាននាក់ ខណៈដែល ៣ខែឆ្នាំ២០១៦នេះ ទទួលបានភ្ញៀវទេសចរជាង ១,៣លាននាក់ កើនលើសឆ្នាំ២០១៥ ២៦ភាគរយ បើធៀបរយៈពេលដូច្នេះ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍៕