(ព្រះវិហារ)៖ ក្នុងឱកាសប្រកាសតែងតាំង ប្រគល់ និងផ្ទេរភារកិច្ច ជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត, លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានណែនាំមន្ត្រីទាំងអស់បង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែខ្លាំងថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី​ ហែម សុគុណពិសី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្រ្តី នៃការិយាល័យទាំង៥​ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ រហូតទទួលបាននូវការកោតសរសេីរពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា​ ពិសេសពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

លោកស្រីប្រធានមន្ទីរ ក៏បានជំរុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឱ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឱ្យបានល្អក្នុងការផលិតព័ត៌មាន​ ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតឡើង នៅរាល់សកម្មភាពការងារ។ លេីសពីនេះមន្ដ្រីដែលទទួលបានការតែងតាំងថ្មី សូមបង្កេីនការយកចិត្តទុកដាក់អនុវត្តន៍ការងារ​ ដោយបង្កេីនចំណងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ គោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ។

សូមបញ្ជាក់ថា មន្ដ្រីដែលទទួលបានការតែងតាំង​ ប្រគល់​ និងផ្ទេរភារកិច្ច នាពេលនេះរួមមាន៖​

១.​ កញ្ញា​ អ៊ាង​ ម៉ូនីតា​ ពីប្រធានការិយាល័យទូរទស្សន៍​ ទៅជាអនុប្រធានមន្ទីរព័ត៌មានខេត្ត។
២.​ លោក​ អាន​ សារិទ្ធ​ ជាអនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ (AKP)
៣.​ លោក​ អ៊ុន​ ចាន់ដារ៉ា​ ពីអនុប្រធាន​ ទៅជាប្រធានការិយាល័យទូរទស្សន៍។
៤.​ លោក​ វណ្ណ​ យុទ្ធនា​ ជាអនុប្រធានការិយាល័យព័ត៌មាន​ និងសោតទស្សន៍
៥.​ លោកស្រី​ មុនី​ កុសុម៉ា​ ផ្ទេរភារកិច្ចពីអនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ ឱ្យទៅជាអនុប្រធានការិយាល័យទូរទស្សន៍៕