(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុនេះ គឺខួប២៤ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ខណៈទិវា២៤ឆ្នាំនេះ នឹងមានការប្រារព្ធពិធីអបអរសាទរ យ៉ាងមហោឡារិក ជាមួយការរៀបចំតាំងពិព័រណ៌ស្តីពីសមិទ្ធផលនយោបាយឈ្នះ-ឈ្នះ របស់បណ្តាកងឯកភាពទ័ព និងអង្គភាពពាក់ព័ន្ធចំនួន២ស្តង។
ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ការបិទបញ្ចប់សង្គ្រាមមួយនេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។
នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមប្រារព្ធពិធីអបអរសាទរ ថ្ងៃបិទបញ្ចប់ភ្លើងសង្គ្រាមនេះ ដើម្បីរំលឹកដល់គំរូវីរភាពស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាបញ្ជ្រាបឱ្យប្រជាពលរដ្ឋខ្មែរ បានដឹងពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលជាបុព្វហេតុនាំមកនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការអភិវឌ្ឍសម្រាប់សង្គមជាតិដូចពេលបច្ចុប្បន្ន។
ថ្លែងប្រាប់អ្នកសារព័ព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ការអបអរសាទរខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះនេះ នឹងត្រូវប្រារព្ធឡើងយ៉ាងមហោឡារិក ដោយមានផែនមហាជនចូលរួមយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «អ្វីដែលយើងបានសន្តិភាព គឺជានយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ជាស្ថាបនិកមគ្គក៍ទេសឯក គឺសម្តេចតេជោ ហើយប្រតិបត្តិករច្រើនណាស់បានចូលរួមអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ការបង្ហាញពិព័រណ៍ទាំងអស់នេះ គឺដើម្បីឱ្យបងប្អូន បានយល់ បានដឹង»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងនាមជាកូនខ្មែរ ត្រូវដឹងថា កម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារអ្វី ហើយនយោបាយឈ្នះឈ្នះ នរណាជាអ្នកបង្កើត អ្នកណាអ្នកប្រតិបត្តិ និងអនុវត្តន៍ទៅដោយរបៀបយ៉ាងម៉េច? ដើម្បីឱ្យយើងជាកូនខ្មែរបានដឹងទាំងអស់គ្នា ហើយនេះជាប្រវត្តិសាស្ត្រ និងសច្ចៈភាពមួយក្នុងការចូលរួមការពារសុខសន្តិភាពឱ្យបាននៅគង់វង្ស។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវមានកាន់តែច្រើនដែលចង់ដឹងពីនយោបាយឈ្នះឈ្នះ អ៊ឹចឹងបានយើងពង្រីក ហើយមានអង្គភាពជាច្រើនដែលគាត់បានចូលរួមប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដោយចង់តាំងបង្ហាញពីវីរៈភាពរបស់គាត់ ដូច្នេះ ហើយទើបខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះមានចំនួនកើនឡើងដល់២០ស្តង ហើយខ្ញុំជឿជាក់ថា ឆ្នាំក្រោយប្រហែលវាចេះតែបន្តទៅទៀត»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងផុលផុស ដឹងគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ។ ដូច្នេះ ការប្រារព្ធខួបនេះ មានសារៈសំខាន់ណាស់ ដែលត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ជ្រូតជ្រាបពីនយោបាយឈ្នះ-ឈ្នះ គាំទ្ររាល់សកម្មភាពនៃនយោបាយឈ្នះ-ឈ្នះ ដឹងគុណ និងកតញ្ញូចំពោះវីរជន ជាពិសេសស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិរហូតបានបញ្ចប់សង្គ្រាមទាំងស្រុង។
សូមបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរកំណត់យកទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាកនោះឡើយ។
ក្នុងសារាចរនោះ រាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»៕