(ពោធិ៍សាត់)៖ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការ តំណាងលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៣ លើកទី១។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលាមត្តេយ្យខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនង សភាពាណិជ្ជកម្ម ខេត្ត-ក្រុង តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត។

ក្រោយពីដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត ដែលមាន២ការិយាល័យ មានអ្នកមកបោះឆ្នោត ចំនួន១៥៩នាក់ ស្មើនឹង៧១,៦២% នៃចំនួនក្នុងបញ្ជីបោះឆ្នោត ២២២នាក់, បេក្ខជនឈរឈ្មោះ ចំនួន១២រូប ក្នុងនោះជាប់ឆ្នោត ចំនួន៨រូប។ ឆ្លងតាមលទ្ធផល នៃការបោះឆ្នោតនេះ សមាជិកទាំងចាស់ទាំងថ្មី ចំនួន១៥រូប បានបោះឆ្នោតជ្រើសតាំង លោកឧកញ៉ា ទុយ គី ជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៣ លើកទី១។

បន្ទាប់ពីលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ថ្មី បានប្តេជ្ញា ថានឹងខិតខំគៀងគររកអ្នកវិនិយោគ ដើម្បីមកអភិវឌ្ឍន៍នៅក្នុងខេត្តពោធិ៍សាត់នោះរួចមក, លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរ ដល់សមាជិកថ្មី នៃសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបានជ្រើសរើសមេដឹកនាំដ៏ល្អរបស់ខ្លួន សម្រាប់អាណត្តិទី៣ លើកទី១នាពេលនេះ។

ថ្នាកដឹកនាំទាំង២ បានលើកឡើងថា ការរៀបចំ​បោះ​ឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម ព្រោះថាប្រធានសភាពាណិជ្ជកម្ម​ខេត្ត គឺជា​ក្បាលម៉ាស៊ីន​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ ពិសេស​បាន​ជួយលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈការគៀងគរអ្នកវិនិយោគមកបណ្តាក់ទុន ឬធ្វើអាជីវកម្មដោយផ្ទាល់ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ថ្នាក់ដឹកនាំទាំង២បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់​ការ​បោះ​ឆ្នោត​សភាពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ អាណត្តិ​ទី​៣ លើក​១ ​បានប្រព្រឹត្ត​​ទៅ​យ៉ានរលូន។ អ្នកចូលរួម​បោះ​ឆ្នោត​បានគោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍ ដែល​ក្រសួង​បាន​កំណត់​ត្រឹមត្រូវ៕