(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីទៅកាន់ស្ថាប័នតុលាការ កុំឱ្យប្រញាប់ប្រញាលចំពោះរឿងចាប់ចងមនុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី ហេីយសម្តេចនឹងតាមដានចំពោះសំណុំរឿងប្តឹងបុគ្គលិកទូរទស្សន៍បាយ័ន លេីករណីឆបោក។
ប្រសាសន៍សម្តេចបានធ្វើឡើងបន្ទាប់ពី សម្តេចទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយពីមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារ។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាឱ្យនៅក្រៅឃុំ ហើយជំរុញឱ្យមេធាវីរបស់សម្តេចចេញការពារក្តីឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ។
ថ្លែងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «បើល្មោភតែរឿងចាប់ចងហ្នឹង វាយ៉ាងម៉េច? ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា ដែលគេមានប្រាក់កាកនោះ រួចហើយខាងយើងផ្នែកតុលាការ អាងឡើងចាប់គ្រឹបៗ អារឿងរដ្ឋប្បវេណីយើងកោះហៅទៅបានទេ ដើម្បីពិភាក្សាមើល ហើយអាងតែពីរឿងចាប់រឿងចងអញ្ចឹង រួចហើយគេមើលពីក្រៅមកគេមិនមានដឹងថាតុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង»។
សម្តេចតេជោបានបន្តថា «ពួកយើងហ្នឹង កុំប្រញាប់ប្រញាលចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរ បើអស់លោកធ្វើតែអញ្ចឹង តើក្នុងគុកយកទៅដាក់កន្លែង រួចហើយទៅគាបគ្នាសួរចម្លើយ»។
សម្តេចក៏បានរិះគន់ផងដែរចំពោះអ្នកដែលរកស៊ីមានងារជាឧកញ៉ារូបនោះ ដែលបានចោទប្រកាន់ទៅលើបុគ្គលបាយ័នថា ចូលរួមបោកប្រាស់ប្រាក់រាប់សិបលានដុល្លារ ខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង។ សម្តេចបានបន្តថា ក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះ ក៏មានមេធាវីទៅបង្កប់ទារលុយប្រពន្ធរបស់គាត់ចំនួន៥ពាន់ដុល្លារថែមទៀត ខណៈដែលគ្នាមិនមានលុយឡើយ។
«ចុះបើមាន៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថា រឿងអញ្ចឹងៗ យើងមើលផងទៅមើល កុំអាងតែមានអំណាចកុំអាងតែមាននេះ ចេះតែចាប់ចេះតែចងចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថា អាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។
សម្តេចក៏បានណែនាំទៅកាន់មេនគរបាលយុត្តិធម៌ ទាំងអង្គភាពនគរបាល និងអង្គភាពអាវុធហត្ថ កុំចេះតែទៅចាប់ទាំងងងឹតងងុល។ សម្តេចបានអះអាងថា រឿងនេះសម្តេចក៏ប្រាប់ទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ហើយសម្តេចនឹងតាមមើលថា តើករណីនេះជាករណីពិត ឬអយុត្តិធម៌ ហើយនរណាជាអ្នកបោកលុយ៣៦លានដុល្លារ ខណៈដែលជនដែលត្រូវបានចាប់ខ្លួនរកបានតែមួយគ្រប់ៗ ហើយមានបាយ័នជួយចិញ្ចឹមផងនោះ។
សម្តេចបានចាត់ទុកថា ករណីនេះជារឿងហួសហេតុខ្លាំងពេក។ សម្តេចក៏បានព្រមានទៅនគរបាលយុត្តិធម៌ ទាំងនៅអង្គភាពនគរបាល និងអាវុធហត្ថ ដោយលើកឡើងថា កុំថាឡើយពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏សម្តេចមានលទ្ធភាពក្នុងការដកចេញបានដែរ៕