(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា បានផ្ញើជូនលិខិតជូនលោក William Conklin នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ឱ្យបញ្ឈប់ជាបន្ទាន់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់សកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនយោជិតកម្ពុជា តាមរយៈការអូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិកឱ្យផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។
ក្នុងលិខិតនេះ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា មិនអាចទទួលយកការបកស្រាយរបស់លោកបានឡើយ។ យើងខ្ញុំកាន់តែមានការខកចិត្តនៅពេលដែល លោកមិនបានទទួលយកការពិត នៃសកម្មភាពរបស់ ACILS ដែលបាននិងកំពុងធ្វើក្នុងការផ្តល់ការគាំទ្រទាំង ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់អង្គការមួយដែលមានភាពសកម្មយ៉ាងខ្លាំង ក្នុងការញុះញង់អូសទាញ តំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំឲ្យធ្វើការផ្ដាច់ខ្លួនទៅបង្កើតសហជីពថ្មី ក្នុងគោលដៅបំបែក បំបាក់ចលនាសហជីព បំផ្លាញភាពសុខដុមនៅក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងបង្កភាពវឹកវរនៅ ក្នុងសង្គម។
ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា តែងតែគោរព និងប្រកាន់យកដោយខ្ជាប់ខ្ជួននូវសិទ្ធិសេរីភាពរបស់កម្មករនិយោជិតក្នុងការបង្កើត ចូលរួមជាសមាជិក ឬចាកចេញពីសមាជិកភាពរបស់សហជីព តាមឆន្ទៈរបស់ពួកគេ ដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីសហជីពរបស់កម្ពុជា ក៏ដូចជាអនុសញ្ញាអន្តរជាតិ លេខ ៨៧។ ក៏ប៉ុន្តែ សកម្មភាពញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី បង្កើតឲ្យមានវប្បធម៌រើសអើង ស្អប់ខ្ពើម ប្រកាន់ក្រុមពួកក្នុងចំណោមសហជីព តាមរយៈការលាបពណ៌សហជីព ដោយហៅសហជីពនេះថាឯករាជ្យ សហជីពនោះមិនឯករាជ្យ មិនមែនជា ការជំរុញការអនុវត្តសេរីភាពសហជីពដោយស្មោះត្រង់ឡើយ ផ្ទុយទៅវិញវាជាការបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតនៅកម្ពុជា ក្នុងគោលដៅឈានទៅគ្រប់គ្រងចលនាសហជីពដោយខ្លួនឯង។
ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា បានអះអាងថា ខ្លួនមានភស្តុតាងជាច្រើនដែលបង្ហាញថា ACILS បានផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សកម្មភាពទាំងនោះ។ ការផ្ដល់ការគាំទ្រនេះជាការអនុវត្តផ្ទុយពីបេសកកម្មដើមដែលមានចែងនៅក្នុង អនុស្សរណៈនៃការយោគយល់គ្នាដែល ACILS បានចុះហត្ថលេខាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូច្នេះ ACILS មិនមែនបង្កើតឡើងដើម្បី មកបង្រួបបង្រួមពង្រឹងចលនាសហជីពទេ ផ្ទុយទៅវិញគឺមកបំបែកបំបាក់ចលនាសហជីព។
ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា សូមទាមទារជាដាច់ខាតឲ្យ ACILS បញ្ឈប់ជាបន្ទាន់នូវការផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីចិញ្ចឹមសកម្មភាពរបស់អង្គការដែលបំបែកបំបាក់សាមគ្គីភាពសហជីព។ ជំនួយទាំងអស់របស់ ACILS ត្រូវផ្ដល់ជូន សហភាពសជីព និងសហព័ន្ធសហជីពដោយស្មើភាព គ្មានការរើសអើង និងមានតម្លាភាព។ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិកចំនួន ២១០ សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា នៅតែមានសុឆន្ទៈបន្តកិច្ចសហការ ប្រសិនបើ ACILS ពិតជាមាន បេសកកម្មក្នុងការចូលរួមលើកកម្ពស់សាមគ្គីភាពសហជីព និងការពារផលប្រយោជន៍រួមរបស់ចលនាកម្មករ និយោជិតនៅកម្ពុជា និងផ្ដល់ជំនួយទាំងអស់ជូនសហភាពសជីព និងសហព័ន្ធសហជីពដោយស្មើភាព គ្មានការរើសអើង និងមានតម្លាភាព។ ក៏ប៉ុន្តែដរាបណា ACILS នៅតែបន្តផ្ដល់ការគាំទ្រ និងចិញ្ចឹមចលនាបំបែកបំបាក់សហជីព វាក៏មិនមានភាពចាំបាច់ដែលយើងត្រូវជួបពិភាក្សាគ្នាដែរ ព្រោះយើងមិនមានការជឿជាក់លើ ការពិភាក្សា និងកិច្ចសហការដែលគ្មានភាពស្មោះត្រង់ឡើយ។ ជាងនេះទៅទៀត យើងខ្ញុំនឹងធ្វើញត្តិស្នើសុំទៅ អាជ្ញាធរពាក់ព័ន្ធពិនិត្យមើលពីអនុលោមភាពនៃសកម្មភាពរបស់ ACILS ជាមួយច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាដែល ACILS បានចុះហត្ថលេខាជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕