(កំពង់ស្ពឺ)៖ លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ជំងឺគ្រុនចាញ់នៅតែជាបញ្ហាប្រឈម និងចាក់ស្រេះពិបាកក្នុងការលុបបំបាត់ឱ្យអស់១០០% គ្រាដែលប្រជាពលរដ្ឋដែលចូលព្រៃប្រកបរបររកអនុផលព្រៃឈើមិនអនុវត្តវិធានការណែនាំរបស់ពេទ្យឱ្យបានត្រឹមត្រូវ និងមិនទទួលការព្យាបាលផ្តាច់។
ការលើកឡើងនេះក្នុងពិធីបូកសរុបលទ្ធផលការងារលុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆមាសទី២ ឆ្នាំ២០២២ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានការចូលរួមពីអន្តរខេត្តមានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
លោក ហុក គ្រី បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅតាមភូមិនៃស្រុកឆ្ងាយៗនៅតែប្រើទម្លាប់ចូលព្រៃដើម្បីរកអនុផលព្រៃឈើមកលក់ដោះដូរជីវភាព។ ហើយក្នុងការចូលព្រៃពួកគាត់ត្រូវស្នាក់នៅក្នុងរយៈពេលវែងនៅក្នុងព្រៃនោះ ក្នុងកំឡុងពេលស្នាក់នៅពួកគាត់មិនសូវបានអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្តភូមិនោះទេ ដោយការស្នាក់នៅឬដេកពុំមានមុងសុវត្ថិភាព ឬក៏ប្រើថ្នាំការពារមុនចូលព្រៃដែរ ដែលប្រការនេះធ្វើឱ្យពួកគាត់ងាយប្រឈម និងកើតជំងឺគ្រុនចាញ់។ មិនតែប៉ុណ្ណោះ ក្រោយការព្យាបាលក៏មិនព្យាយាមព្យាបាលឱ្យដាច់ដែលងាយធ្វើឱ្យជំងឺលាប់ឡើងវិញហើយប្រឈមដល់ការគ្រោះថ្នាក់ដល់អាយុជីវិត»។
ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់រថា មានករណីគ្រុនចាញ់មួយប្រភេទ គឺជំងឺគ្រុនចាញ់ប្រភេទម៉ាឡាយ៉េ ដែលស្ថិតនៅតំបន់ព្រំប្រទល់ជាមួយខេត្តពោធិ៍សាត់ (ភូមិត្រពាំងក្រើន ស្រុកថ្ពង) គឺមិនអាចប្រើប្រាស់តេស្តរហ័ស ដើម្បីធ្វើរកវិនិច្ឆ័យបានទេ ដែលទាមទារឱ្យអ្នកជំងឺត្រូវប្រើពេល ដើម្បីរកវិនិច្ឆ័យឱ្យឃើញនិងព្យាបាល។ នៅក្នុងឆ្នាំ២០២២នេះ ខេត្តកំពង់ស្ពឺ មានករណីគ្រុនចាញ់ចំនួន ៨០៨ករណី ក្នុងនោះទម្រង់សិន្ធមាន ៤៦ករណី ទំរង់លាប់មាន៧៥៥ករណី និងទម្រង់ចម្រុះមាន០៣ករណី។ ហើយករណីញគ្រុនចាញ់ប្រភេទម៉ាឡាយ៉េមានចំនួន ៤ករណី ដែលករណីគ្រុនចាញ់នេះមិនធ្លាប់ត្រូវបានរកឃើញនៅក្នុងខេត្តកំពង់ស្ពឺ កន្លងមកទេ។
ទន្ទឹមនេះដែរខេត្តកំពង់ស្ពឺ មានមណ្ឌលសុខភាពចំនួន០៦ ដែលមានករណីគ្រុនចាញ់ច្រើនបំផុតគឺមាន៖ មណ្ឌលសុខភាព ឱរ៉ាល់មណ្ឌលសុខភាពត្រពាំងជោមណ្ឌលសុខភាពចំបក់មណ្ឌលសុខភាពតាំងសំរោង មណ្ឌលសុខភាព អមលាំង និងមណ្ឌលសុខភាព មនោរុងរឿង។
លោក ហុក គ្រី បានបន្ថែមថា ដោយបានបៀបធៀបស្ថានភាពគ្រុនចាញ់ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ថាកើនឡើង៤៥% ពី ៦៦,៦៣០តេស្ដក្នុងឆ្នាំ ២០២១ កើនដល់ ៩៦,៥៩៦តេស្ដ ក្នុងឆ្នាំ២០២២ ប៉ុន្តែករណីវិជ្ជមានគ្រប់ទម្រង់មានការថយចុះ ៣៣% (ពី១,២០៤ករណី មកនៅត្រឹម ៨០៨ករណី) ករណីវិជ្ជមានគ្រុនចាញ់សន្ធំថយចុះ៥៥ % (ពី១០៩ ករណី មកត្រឹម ៤៩ករណី) ករណីវិជ្ជមានគ្រុនចាញ់ទំរង់លាប់ថយចុះ ៣១% (ពី១០៩៩ករណី មកត្រឹម ៧៥៥ករណី) តែករណីគ្រុនចាញ់ប្រភេទ ម៉ាឡាយ៉េមានកើនមាន៤ករណី ទូទាំងខេត្ត។
ជាមួយនោះលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានជំរុញឱ្យអាជ្ញាធរ ស្រុក និងឃុំ ត្រូវបន្តចុះជួប និងអប់រំសហគមន៍ នៅក្នុង ភូមិគោលដៅដែលមានគ្រុនចាញ់ខ្ពស់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងភូមិគោលដៅទាំងនោះមកទទួលសេវាព្យាបាលគ្រុនចាញ់ នៅមណ្ឌលសុខភាពដែលស្ថិតនៅជិតផ្ទះបំផុត។ ក្នុងនោះបន្តជំរុញនិងបង្កើនការព្យាបាលផ្តាច់ឱ្យបាន ១០០% បន្តពង្រឹងកិច្ចសហការណ៍រវាងមន្ត្រីសុខាភិបាល (មណ្ឌលសុខភាព) អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញឱ្យមានការចូលរួមរបស់ប្រជានជនប្រឈមនឹងជំងឺគ្រុនចាញ់ ជាពិសេសអ្នកចូលព្រៃ និងអ្នកត្រូវទទួលការព្យាបាលផ្តាច់។
លោកស្រីអភិបាលរងខេត្ត បានបន្តថា មិនតែប៉ុណ្ណោះជំរុញឱ្យការចូលរួមលេបថ្នាំការពារមុនទៅព្រៃសម្រាប់ក្រុមគោលដៅ កំណត់ទីតាំងភូមិសាស្ត្រ ដែលប្រជាជនគោលដៅឆ្លង់កាត់ ពង្រឹងប្រព័ន្ធអង្កេតតាមដានករណីគ្រុនចាញ់ និងបង្កើនការយល់ដឹងដល់ប្រជាជនពីប្រឈមនៃជំងឺគ្រុនចាញ់។ ត្រូវផ្តល់មុងដល់ភូមិដែលមានករណីគ្រុនចាញ់ច្រើន និងមានប្រជាជនចូលព្រៃបង្កើនការយកចិត្តទុកដាក់ និងតាមដានលើករណីគ្រុនចាញ់ប្រភេទម៉ាឡាយ៉េ ដែលកំពុងកើតមានក្នុងភូមិសាស្ត្រកំពង់ស្ពឺបន្តទៀត៕