(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំឱ្យអាជ្ញាធរ ខិតខំដោះស្រាយវិវាទដីធ្លីររបស់ប្រជាពលរដ្ឋ តាមបែបក្រៅព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បង្កើតភាពសុខសាន្ត សុខដុមរមនាក្នុងសង្គម បង្ករភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្តេចតេជោ ហ៊ុន សែន បានដូចនេះថា «ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ បង្កើតភាពសុខសាន្ត សុខដុមរមនាក្នុងសង្គម បង្ករភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ចំណុចនេះខ្ញុំតែងតែមានសំណូមពរជាបន្តបន្ទាប់ឱ្យមានការយកចិត្តទុកដាក់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រឿងជម្លោះដីធ្លីនេះវាបានចាប់ផ្តើមនៅពេលដែលប្រទេសមានសុខសន្តិភាព ដែលអាចនិយាយបានថា វាបានកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៥៩ (ក្រោយការបោះឆ្នោតនៅក្នុងឆ្នាំ១៩៥៥ និងក្រោយសន្នីសីទ សឺណែវ ឆ្នាំ១៩៥៤ និងក្រោយឯករាជ្យនៅឆ្នាំ១៩៥៣) ជម្លោះដីធ្លីនេះវាបានកើតឡើងនៅក្រោយប្រទេសដែលទទួលបានសន្តិភាព។ សម្តេចបានបានអះអាងដែរ ជម្លោះដីធ្លីដែលមានភាពតានតឹងជាងគេនាសម័យនោះ គឺជម្លោះនៅក្នុងតំបន់សំឡូត នាឆ្នាំ១៩៥៩ ដែលបង្កើតបានជាចលនាប្រឆាំងរាជរដ្ឋាភិបាលដ៏ខ្លាំងនៅទីនោះផងដែរ។

ពាក់ព័ន្ធនឹងជម្លោះដីធ្លីនាសម័យនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះថា «ក្នុងជម្លោះដីធ្លីនេះបានលាតសន្ធឹង សូម្បីតែខ្លួនខ្ញុំធ្លាប់បានដឹកនាំធ្វើបាតុកម្មប្រឆាំងចំពោះលោកជំទាវ តុប ប្អូនរបស់សម្តេចចក្រី ជូ ឡុង នៅចំការថ្មី ដែលបំពានលើដីធ្លីរបស់ខ្ញុំ ហើយខ្ញុំក៏ត្រូវប៉ូលីសដេញតាមចាប់រហូតខ្ញុំបានធ្លាក់ទៅដល់ខេត្តក្រចេះ ចឹងពេលនោះគឺបានសេចក្តីថា ប្រទេសរបស់យើងមានសន្តិភាព ប្រជាពលរដ្ឋ បានស្វះស្វែងរកដីគ្រប់កន្លែង»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារកត្តាសន្តិភាពនៅពេលនោះហើយ ទើបធ្វើឱ្យជម្លោះដីធ្លីបានកើតឡើងដែលរឿងដីធ្លីនេះ គឺមិនមែនជារឿងថ្មីថ្មោងនោះទេ។ ប៉ុន្តែដីទាំងនោះក៏ត្រូវបានបោះបង់ចោលនៅពេលដែលប្រទេសបានបាត់បង់សន្តិភាពវិញនៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសបានផ្ទុះនូវភ្លើងសង្គ្រាមឡើងវិញ គ្មានអ្នកណាចង់បានដីទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វិធីតែមួយដែលល្អក្នុងការដោះស្រាយជម្លោះដីធ្លី គឺកាសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ហើយបើចូលដល់ក្នុងតុលាការហើយ មានតែឈ្នះ និងចាញ់តែប៉ុណ្ណោះ មិនដែលមានស្មើរគ្នានោះទេ៕