(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានណែនាំដល់មន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ត្រូវបន្ថែមការយកចិត្ដទុកដាក់ និងពន្លឿនសេវាជូនប្រជាពលរដ្ឋ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមរួមគ្នាបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឲ្យបានតាមទិសស្លោក (ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព) ក្នុងការផ្តល់សេវា-សាធារណៈ ជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងផ្នែកដីធ្លី គឺបានចាត់ទុកថា ជាផ្នែកមួយនៃការផ្ដល់សេវាសាធារណៈ ហើយការផ្ដល់សេវាសារធារណៈ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការផ្ដល់សេវាសាធារណៈ ដែលហៅថា ជាសេវាចាំបាច់ ឬសេវាតម្រូវការ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវការបណ្ណកម្មសិទ្ធិដីធ្លី ព្រោះថា អ្វីដែលមិនទាន់ច្បាស់ គឺមិនហ៊ានវិនិយោគនោះទេ ហើយក៏មិនមានសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីផងដែរ ដូច្នេះមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែមើលឃើញបញ្ហាទាំងអស់នេះ។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ការទិញ លក់-ដូរ ផ្ទះ និងដីធ្លី ត្រូវធ្វើឲ្យរហ័ស ព្រោះថា ការទិញលក់-ដូរនេះ ក៏ធ្វើឲ្យរដ្ឋទទួលបានចំណូលពីពន្ធប្រថាប់ត្រាផងដែរ។
បើតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ២០២២នេះ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីចំនួន ៣១៥ ៤៤១បណ្ណ ជូនដល់ប្រជាពលរដ្ឋ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤ ៨០៥បណ្ណ៕