(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣ ហើយត្រូវចាត់ទុកថា នេះជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នសម្រេចបានជាង៩០ភាគរយ។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពាក់ព័ន្ធការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនេះ នៅសល់មិនច្រើនទៀតនោះទេ ប៉ុន្ដែមន្ដ្រីជំនាញហាក់ពន្យាពេលក្នុងការទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូច្នេះទាល់តែមានការជំរុញបន្ថែម ទើបការងារនេះមានសន្ទុះទៅមុខលឿន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទទូចឲ្យធ្វើកិច្ចការងារនេះ ឲ្យបានសម្រេចដូចដែលបានគ្រោង នៅឆ្នាំ២០២៣។ ចំណុចសេសសល់របស់យើងនៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្ដែកន្លែងខ្លះយើងហាក់ដូចពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដាច់ដោយដុំក្ដី គឺហាក់ដូចជានៅត្រឹង ឬធ្វើដែរ ប៉ុន្ដែធ្វើដោយមិនមានការជំរុញ មិនមានសន្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, កន្លងទៅក៏ធ្លាប់មានប្រជាពលរដ្ឋស្នើសុំត្រង់ទៅកាន់សម្ដេចតែម្ដង តាមរយៈ Facebook និង Messeger ជាដើម។ ដូច្នេះឲ្យសម្ដេចស្នើទៅកាន់ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដី នៅតាមបណ្ដាខេត្ត ហើយអភិបាលខេត្ត ក៏ត្រូវយកចិត្តទុកដាក់លើការងារនេះដូចគ្នាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការចុះបញ្ជីក្បាលដីនេះ គឺជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋ ពោលជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាផ្សេងៗជាយថាហេតុ។ សម្ដេចក៏បានណែនាំបន្ថែមដល់អភិបាលខេត្ត ត្រូវមើលកិច្ចការងារនេះឲ្យបានល្អ ដោះស្រាយបញ្ហាទាក់ទងដីរដ្ឋ ដីសហគមន៍ ដីប្រជាពលរដ្ឋដែលមិនទាន់បានចុះបញ្ជី។

យោងតាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានឲ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តដល់ខែវិច្ឆិកា ឆ្នាំ២០២២ ចេញបណ្ណកម្មសិទ្ធិដីបានចំនួន៦,៧៣០,៧៥២បណ្ណ ស្មើនឹង៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី។ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦,១០៤,០៥២បណ្ណ និងចែកបណ្ណបានចំនួន៥,៥៩០,៨០៨បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន១៧,៩៩៣បណ្ណ) និងការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំ សម្រេចបាន៦២៦,៧០០បណ្ណ។ ក្នុងនោះ៖

*ទី១៖ ដីរដ្ឋបាន១៩៨ទីតាំង ចំនួន២,១៧៨បណ្ណ ទំហំ៩៤២ ៦១៧ហិកតា (ដីគោលដៅសម្បទានសេដ្ឋកិច្ច១៨២ទីតាំង ចំនួន២,០៩១បណ្ណ ទំហំ៧២៥,៥៦១ហិកតា តំបន់ការពារ/ ព្រៃស្តារឡើងវិញ១៦ទីតាំង ចំនួន៨៧បណ្ណ ទំហំ២១៧,០៥៦ហិកតា ក្នុងនោះ ដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន៩ទីតាំង ចំនួន៦៦បណ្ណ ទំហំ១៩៥ ២៣៦ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៧ទីតាំង ចំនួន២១បណ្ណ ទំហំ២១ ៨២០ហិកតា)។

*ទី២៖ ដីឯកជនរបស់បុគ្គលឯកជនបាន ៦២៣,៥៤១បណ្ណ

*ទី៣៖ ដីសហគមន៍ជនជាតិដើមភាគតិច បានចំនួន៣៨សហគមន៍ ស្មើនឹង៩៨១បណ្ណទំហំ៣៩ ៣៤២,៤១ហិកតា សម្រាប់៣៧១៧គ្រួសារ។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន១,៩៣៦វត្តស្មើនឹង២,៤០៤បណ្ណ៕