(អវកាស)៖ បេសកកម្មនៃកែវយឺតអវកាស Kepler របស់អង្គការ NASA ទើបតែបានរកឃើញភពថ្មីមួយ ដែលស្ថិតនៅប្រព័ន្ធព្រះអាទិត្យផ្សេង និងមានអាយុកាលពី ៥ ទៅ ១០លានឆ្នាំប៉ុណ្ណោះ ដែលអាយុនេះគឺប្អូនផែនដីយើងរហូតដល់ទៅ ៤,៤ ពាន់លានឆ្នាំ និងក្មេងជាងជំនាន់ ដាយណូស័រ របស់ផែនដី ៥៥លានឆ្នាំផងដែរ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយផ្លូវការរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។
ភពខាងលើនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា K2-33b ដែលបានចាប់កំណើតបន្ទាប់ពីផ្កាយរបស់វាផ្ទុះ ពីអំឡុង ៥ ទៅ១០លានឆ្នាំ ក្រោយជំនាន់ ដាយណូស័រ របស់ផែនដីផុតពូជ ៥៥លានឆ្នាំ។ ភពនេះវាមានទំហំធំ គួរសម ដែរ ដែលតារាវិទូ កំពុងតែព្យាយាមសិក្សាបន្ថែម ក្រែងលោបានដឹងព័ត៌មានល្អៗពីវា ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះ គឺភព នេះមានចម្ងាយជិតព្រះអាទិត្យរបស់វាណាស់ ដែលទំនងជា ១០លានគីឡូម៉ែត្រប៉ុណ្ណោះពីគ្នា។
ប្រការនេះហើយ ទើបនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ដឹងកាន់តែច្បាស់ថា ភពដែលទើបចាប់កំណើតដំបូងៗ វាប្រាកដជាស្ថិត នៅជិតផ្កាយរបស់វាខ្លាំងណាស់ ដែលជាហេតុនាំឲ្យផ្ទៃរបស់វាក្តៅ ឬ ឆេះជាអណ្តាតភ្លើង មិនខុសពីព្រះអាទិត្យ នោះឡើយ។ វាត្រូវការពេលរាប់រយរាប់ពាន់លានឆ្នាំ ឬ ក៏ព្រះអាទិត្យរបស់វាត្រូវផ្ទុះឡើង ជាលើកទីពីរ ឬទីបីទៀត ទើបអាចរុញច្រានភពទាំងនោះ ឲ្យទៅឆ្ងាយពីផ្កាយរបស់វាបាន និងជាកត្តាដែលអាចឲ្យភពមួយចំនួនស្ថិតនៅតំបន់ គន្លងអំណោយផល ដែលអាចនាំឲ្យជីវិតកើតមានឡើង ដូចផែនដីក៏ថាបាន៕