(បន្ទាយមានជ័យ)៖ ចាប់ពីដើមឆ្នាំ២០២៣ដល់ពាក់កណ្ដាលឆ្នាំ២០២៤ ក្រសួងទេសចរណ៍ដោយមានកិច្ចសហការជាមួយអង្គការ Swisscontact នឹងផ្ដល់ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពលើជំនាញបដិសណ្ឋារកិច្ចទេសចរណ៍ ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ឱ្យបាន២៥៥នាក់ និងគ្រូបង្គោល៥០នាក់ទៀត នៅខេត្តបន្ទាយមានជ័យ។
គម្រោងនៃការបណ្ដុះបណ្ដាលនេះ គឺត្រូវបានផ្សព្វផ្សាយឡើងនៅក្នុងសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដល់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ បុគ្គលិកដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើននាក់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
គួរជម្រាបថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ បានដាក់ចេញនូវគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងខេត្តជុំវិញបឹងទន្លេសាបចំនួន៥ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ដែលនឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៣ដល់ពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ ការបណ្ដុះបណ្ដាលផ្តោតលើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ បដិសណ្ឋារកិច្ចនិងការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងកាហ្វេជាដើម។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ Fresh News បន្ថែមថា សម្រាប់ខេត្តបន្ទាយមានជ័យ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា គឺមានគម្រោងផ្ដល់ការបណ្តុះបណ្តាលដល់បុគ្គលិកដែលបម្រើការងារទេសចរណ៍ចំនួន២៥៥នាក់ និងគ្រូបង្គោលទេសចរណ៍ចំនួន៥០នាក់ទៀត។ លោកថា ចំនួននេះគឺអាចឆ្លើយតបក្នុងកម្រិតសមល្មម សម្រាប់តម្រូវការការងារនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ។
លោកប្រធាននាយកដ្ឋានបានបន្តថា ការរៀបចំសិក្ខាសាលានេះដែរគឺដើម្បីផ្សព្វផ្សាយឱ្យមន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ត្រៀមខ្លួនក្នុងការជ្រើសរើសបុគ្គលិកដែលបម្រើការងារទេសចរណ៍ និងឱ្យពួកគាត់ត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។ វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ខេត្តបន្ទាយមានជ័យនេះដែរ នឹងធ្វើឡើងចាប់ពីដើមឆ្នាំ២០២៣រហូតដល់ពាក់កណ្ដាលឆ្នាំ២០២៤។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា សិក្ខាសាលាផ្សព្វផ្សាយពីវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនាពេលនេះ គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់វិស័យទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ ដោយហេតុថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បុគ្គលិកជំនាញដែលធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍ បានងាកទៅបម្រើការនៅតាមវិស័យផ្សេងៗដែលមិនមែនជាជំនាញរបស់ខ្លួន ហើយធ្វើឱ្យធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តបន្ទាយមានជ័យទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។
លោករដ្ឋលេខាធិការបានបន្តថា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះដែរ ក៏បានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការទទួលភ្ញៀវទេសចរ ដែលនឹងចូលមកទស្សនាខេត្តបន្ទាយមានជ័យ ជាពិសេសក្នុងឆ្នាំ២០២៣ខាងមុខផងដែរ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបន្ទាយមានជ័យកំពុងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគិនក្នុងការវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្ត ជាពិសេសគឺការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងស្នាក់នៅសម្រាកលម្ហែកាយនៅតាមតំបន់រមណីយដ្ឋានថ្មីៗក្នុងខេត្ត។
លោកប្រធានមន្ទីទេសចរណ៍បានបន្តថា ទន្ទឹមនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍ សម្រាប់ខេត្តបន្ទាយមានជ័យ គឺទាមទារឱ្យមានការបណ្តុះបណ្តាលបំប៉នសមត្ថភាពជំនាញដល់បុគ្គលិកដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលជាយុទ្ធសាស្ត្រពង្រឹងគុណភាពសេវាកម្ម និងការផ្តល់សេវាប្រកបដោយសេចក្តីពេញចិត្តដល់ភ្ញៀវទេសចរ ជាពិសេសគឺបានបង្កើននូវផលិតភាពការងារ ពង្រឹងឧត្តមភាពប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់សម្រាប់បុគ្គលិកនីមួយៗ។
សូមជម្រាបថា គិតត្រឹមត្រីមាសទី៣នៃឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលក្នុងវិស័យទេសចរណ៍សរុបចំនួន១,១៩១នាក់ (ស្រី៧៨៣នាក់) លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេ ក្នុងនោះមាននៅខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំងជាដើម៕