(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ុនឆាន់យ៉ាង (Soon Chun Hyang University Medical Center) នៃប្រទេសកូរ៉េ ខាងត្បូង ដើម្បីបង្កើនគុណភាពការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ដោយផ្អែកលើស្មារតី SCHM «ស្រឡាញ់មនុស្ស»។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្ដមាន លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
លោកសាស្ត្រាចារ្យ លូ លីឃាង បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយកូរ៉េ នឹងផ្តោតសំខាន់ ក្នុងការផ្តល់ជំនួយសម្ភារៈបរិក្ខារ, កម្មវិធីបណ្តុះបណ្តាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកគ្រប់គ្រង និងសន្និសីទអន្តរជាតិរួម។
លោកបន្ដថា កន្លងមកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង ធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងធ្វើការងាររួមគ្នាលើវិស័យសុខាភិបាល ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ ដែលបន្តកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះអង្គឌួង ជាមួយនឹងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង បានលើកឡើងថា បេសកកម្មការងាររបស់មន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យបានទទួលរបាយការណ៍ជាច្រើន ប៉ុន្តែថ្ងៃនេះពិតជាមានកិត្តិយស ដោយបានចុះមកកាន់ទីតាំងផ្ទាល់ និងធ្វើទស្សនកិច្ចក្នុងមន្ទីរតែម្តង។ ជាក់ស្តែងនាពេលកន្លងមក ក្រុមការងារឧស្សាហ៍មកកាន់កម្ពុជាជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យលោក និងក្រុមការងារ ខកខានមិនបានមកបំពេញបេសកកម្មការងាររបស់ខ្លួន ប្រមាណ២-៣ឆ្នាំចុងក្រោយនេះ។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ Kyoil Suh បានថ្លែងអំណរគុណដល់សាស្រ្តាចារ្យ លូ លីឃាង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ តាមរយៈMOU នាថ្ងៃនេះ ជាកាដូមួយដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។
លោកសាស្ដ្រាចារ្យបានឱ្យដឹងទៀតថា មជ្ឈមណ្ឌលវេជ្ជសាស្ដ្រនៃសាកលវិទ្យាល័យរបស់លោក បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ក្នុងឆ្នាំ២០១៨ ជាក់ស្តែងដោយមានការរំខានពីជំងឺរាតត្បាតជាសកលមេរោគកូវីដ-១៩ គឺមានការលំបាកខ្លាំងក្នុងការដំណើរការ។ ជាពិសេសក្នុងកំឡុងពេលនៃ MOU លោកបានទទួលគម្រោង និងសិក្សាពីភាគីកម្ពុជា ជាពិសេសលើការបង្កើតផ្នែកគិលានុបដ្ឋាក និងការការពារជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យ កិច្ចការទាំងអស់នេះ គឺថ្នាក់ដឹកនាំបានធ្វើការសិក្សារួចរាល់ហើយ។ ក្នុងនាមលោកសាស្ត្រាចារ្យ ជាអ្នកគ្រប់គ្រងលើការងារថែទាំ ក៏ដូចជាគិលានុបដ្ឋាក លោកគិតថាជាទិសដៅមួយដ៏សំខាន់របស់មន្ទីរពេទ្យ ដែលត្រូវយកចិត្តទុកដាក់រួមគ្នា ក្នុងការទប់ស្កាត់នូវការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ លូ លីឃាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង និងបានជូនពរលោកសាស្រ្តាចារ្យ រួមនឹងក្រុមការងារ បានទទួលជោគជ័យក្នុងភារកិច្ចថ្មី៕