(ភ្នំពេញ)៖ លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ បានចុះសួរសុខទុក្ខកុមារី និងយុវនារីនៃអង្គការអាហ្វេស៊ីបកម្ពុជា ហើយបរិច្ចាគថវិកា និងសម្ភារៈសិក្សាមួយចំនួន។

លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បាននាំបុត្រាបុត្រី បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសប្បុរសជនដទៃទៀត ទៅជួបសំណេះសំណាល និងស្វែងយល់អំពីបញ្ហាប្រឈមដែលកុមារី និងយុវនារី បានជួបប្រទះ និងការឧបត្ថម្ភគាំទ្រផ្សេងៗដែលអង្គការអាហ្វេស៊ីបកម្ពុជា ផ្តល់ជូនពួកគេ។

លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិក និងនាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា បានចែករំលែកប្រវត្តិនៃអង្គការ និងការខិតខំប្រឹងប្រែងក្នុងការជួយកុមារឲ្យទទួលបានការអប់រំកាន់តែប្រសើរ។

លោកស្រី ម៉ម សុម៉ាលី បានថ្លែងថា «តាងនាមឲ្យបុគ្គលិក កុមារី ព្រមទាំងយុវនារី ដែលជាជនរងគ្រោះ និងអ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ រំលោភបំពានផ្សេង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ ដែលបានមកធ្វើទស្សនកិច្ចនៅមណ្ឌលស្តារនីតិសម្បទា អង្គការអាហ្វេស៊ីបកម្ពុជា និងបាននាំយកមកជាមួយជំនួយជិត ៣០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអប់រំ និងប្រតិបត្តិការរបស់អង្គការអាហ្វេស៊ីបកម្ពុជា។ អង្គការអាហ្វេស៊ីបកម្ពុជាមិនអាចបន្តបេសកកម្មរបស់ខ្លួនឡើយ បើគ្មានការគាំទ្រពីម្ចាស់ជំនួយនីមួយៗ និងអ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាដើមនោះទេ។ យើងរួមគ្នាដើម្បីបញ្ចប់ការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ និងការរំលោភបំពានផ្សេងៗ»

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ម៉ៅ ចំណាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ដែលអង្គការអាហ្វេស៊ីបកម្ពុជាបានរួមចំណែកដល់សហគមន៍។

លោកជំទាវ បានថ្លែងថា «ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អង្គការអាហ្វេស៊ីបកម្ពុជា និងបុគ្គលិកទាំងអស់ក្នុងការជួយកុមារដែលជួបការខ្វះខាត។ សកម្មភាពទាំងនេះ ពិតជាមានអត្ថន័យខ្លាំងណាស់ ចំពោះសហគមន៍របស់យើង ហើយផ្តល់ជាគំរូដ៏ល្អសម្រាប់ឲ្យអ្នកដទៃធ្វើអំពើល្អៗផងដែរ។ កុមារគឺជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ពួកគេត្រូវការការថែទាំរបស់យើង និងការអប់រំដ៏ល្អមួយ»

លោកជំទាវ ម៉ៅ ចំណាន បានលើកទឹកចិត្តដល់កុមារី និងយុវនារីដែលនៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា ឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានការងារល្អនាពេលអនាគត និងអាចផ្គត់ផ្គង់គ្រួសារ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារបានបរិច្ចាគជាថវិកាចំនួន១០,០០០ដុល្លារអាមេរិក ឧបត្ថម្ភអាហារូបករណ៍ដែលមានតម្លៃ១២,០០០ដុល្លារអាមេរិក និងសម្ភារៈសិក្សាដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីជាមួយកុមារី និងយុវនារី ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់ពួកគាត់។

នៅចុងបញ្ចប់នៃដំណើរទស្សនៈកិច្ច លោកជំទាវ ម៉ៅ ចំណាន បានរៀបចំអាហារថ្ងៃត្រង់ពី KFC ឲ្យកុមារី និងយុរនារី ផងដែរ។

លោកជំទាវ ម៉ៅ ចំណាន ដែលជាអគ្គនាយិកាប្រតិបត្តិការនៃធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ជាអ្នកតស៊ូមតិយ៉ាងខ្លាំងក្លា ដើម្បីឲ្យមានភាពចម្រុះយេនឌ័រនៅកន្លែងធ្វើការ ហើយបានធ្វើការងារជាច្រើនដើម្បីកសាងវប្បធម៌សាជីវកម្មប្រកបដោយសមភាព និងការគោរពទៅវិញទៅមក។

ចាប់តាំងពីលោកជំទាវ ម៉ៅ ចំណាន បានចូលបម្រើការងារកាល២០១៦ ធនាគារ វីង ទទួលបានពានរង្វាន់ជាច្រើនចំពោះកិច្ចការអាជីវកម្ម និងការងារសង្គម រួមមាន៖ ពានរង្វាន់ធុរកិច្ចអាស៊ានប្រចាំឆ្នាំ (ABA) និងពានរង្វាន់ AmCham Cambodia 2021 CSR Excellence Award ជាដើម៕