(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចាប់ដំណើរការប្រឡងវិញ្ញាសាសរសេរលើកទី២ ក្នុងការប្រលងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ ខណៈបេក្ខជនចូលរួមមានចំនួន២៤២អង្គ/នាក់ ដើម្បីជម្រុះយកចុងក្រោយត្រឹមតែ១២០នាក់។
គួរជម្រាបថា សាលាភូមិន្ទរដ្ឋបាលបាននិងកំពុងដំណើរការការប្រលងជ្រើសរើសមន្ត្រីក្រមការលើកទី១០ ដោយនៅក្នុងការប្រលងវិញ្ញាសាសរសេរលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលប្រលងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ដែលមានបេក្ខជនចូលរួមចំនួន២៥២០អង្គ/នាក់។ លើកទី១នោះគឺផ្តោតលើវិញ្ញាសាសំណួរពហុចម្លើយ សរុបមានចំនួន១០០សំណួរ ហើយមានរយៈពេល១ម៉ោង ដោយត្រូវបែងចែកជា៣ផ្នែកទៀត ដោយផ្នែកទី១សំណួរពាក់ព័ន្ធនឹងចំណេះដឹងទូទៅ វប្បធម៌ និងប្រវត្តិសាស្ត្រ, ផ្នែកទី២ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ច្បាប់ រដ្ឋបាល នយោបាយ និងអាស៊ាន និងផ្នែកទី៣ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មកដល់ថ្ងៃទី២៧ ខែធ្នូនេះ គឺជាការប្រលងវិញ្ញាសាសរសេរលើកទី២ ដែលជាវិញ្ញាសាអធិប្បាយ និងវិញ្ញាសាសំណួរចម្លើយខ្លី រួមនឹងភាសាបរទេស (ភាសាអង់គ្លេស ឬភាសាបារាំង) ដែលមានរយៈពេល១ម៉ោងនិង៣០នាទី។ មណ្ឌលប្រលងគឺនៅក្នុងសាលាភូមិន្ទរដ្ឋបាលតែម្ដង។
នាព្រឹកថ្ងៃនេះដែរ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡង រួមជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធនានា បានចូលរួមចាប់វិញ្ញាសា ជ្រើសរើសកម្រងសំណួរលើវិញ្ញាសាសរសេរលើកទី២នេះ សម្រាប់ការប្រលងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០។
នាពេលរសៀលថ្ងៃដដែល គឺជាពេលចាប់ផ្ដើមការប្រលង ក្នុងនោះមានបេក្ខជនចូលរួមចំនួន២៤២អង្គ/នាក់ ក្នុងចំណោមបេក្ខជនទាំង២៤២អង្គ/នាក់នេះ នឹងត្រូវប្រជែងជម្រុះយកត្រឹមតែ១២០នាក់ប៉ុណ្ណោះ សម្រាប់ការបណ្តុះបណ្តាលរយៈពេល១ឆ្នាំក្នុងឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។ មុនចាប់ផ្ដើមការប្រលង លោករដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា តំណាងលោករដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញកាត់វិញ្ញាសាប្រឡងជូនបេក្ខជន។
នាឱកាសនោះ លោក យក់ ប៊ុនណា បានបញ្ជាក់ថា ក្នុងការប្រឡងនេះ ក្រសួងមុខងារសាធារណៈ ជាពិសេសសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និងត្រឹមត្រូវបំផុត ដោយបានរៀបចំកិច្ចប្រជុំលើសេចក្ដីសម្រេចស្ដីពីការតែងតាំងប្រធានមណ្ឌល និងប្រធានអនុគណៈកម្មការនានាសម្រាប់ការប្រឡងនេះ។
ទន្ទឹមនឹងនេះ ក្នុងដំណើរការនៃការប្រឡងក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាផងដែរ។ ចំពោះការរៀបចំវិញ្ញាសា គឺត្រូវរៀបចំភ្លាមៗតែម្តង ដោយពុំមានការធ្វើទុកជាមុនឡើយ។
លោកបានណែនាំដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពនូវរាល់ចំណេះដឹងដែលខ្លួនមាន និងត្រូវត្រួតពិនិត្យនៅរាល់សំណួរទាំងអស់ឱ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមឆ្លើយនៅរាល់សំណួរនីមួយៗ។ ដោយឡែក ចំពោះបេក្ខជនដែលប្រឡងធ្លាក់ សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្របំពេញបន្ថែមនៅចំណុចខ្វះខាតនៃចំណេះដឹងរបស់ខ្លួន ដើម្បីត្រៀមខ្លួនមកចូលរួមប្រឡងនៅឆ្នាំបន្តបន្ទាប់ទៀតនៅសាលាភូមិន្ទរដ្ឋបាល និងនៅតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពនានាផ្សេងទៀត។
លោកនាយកសាលាភូមិន្ទរដ្ឋបាលបានបញ្ជាក់ទៀតថា បានអះអាងថា ការប្រឡងនាពេលនេះ គឺធ្វើឡើងដោយគោរពទៅតាមគោលការណ៍គ្រឹះរបស់សាលាភូមិន្ទរដ្ឋបាល ធ្វើឱ្យមានតម្លាភាព យុត្តិធម៌ និងគុណភាព ដូច្នេះបេក្ខជនដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាប់។
គួរបញ្ជាក់ថា សិស្សមន្ត្រីក្រមការ គឺជាសិស្សដែលត្រូវជ្រើសរើសបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌ ដើម្បីបំពេញកិច្ចការផ្នែករដ្ឋបាល គាំទ្រដល់ការងារប្រចាំថ្ងៃរបស់អង្គភាព ដោយស្ថិតនៅក្នុងប្រភេទក្របខណ្ឌ «ខ»។ ចំពោះលក្ខខណ្ឌនៃការប្រឡង សិស្ស-និស្សិតដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បូកនឹងការសិក្សា២ឆ្នាំនៅកម្រិតឧត្តមសិក្សា គឺអាចមកដាក់ពាក្យចូលរួមប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការនៅសាលាភូមិន្ទរដ្ឋបាលបាន៕