(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលបានថ្លែងថា យោងលើរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបង្ហាញថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ និន្ននាការនៃការប្រើប្រាស់គ្រឿងញៀន មិនមានការថយចុះទេ។ ផលវិបាក នៃការប្រើប្រាស់គ្រឿងញៀន បានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព សុវត្ថិភាពសង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គម ។
ការថ្លែងដូច្នេះរបស់លោក ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពី ការបំពានគ្រឿងញៀន ឆ្នាំ២០២៣-២០៣៣ ដែលប្រព្រឹត្ដទៅសណ្ឋាគារភ្នំពេញអេរ៉ា នាថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០២២។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងបន្ដថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសុខភាពសាធារណៈ ភាពញៀនគ្រឿងញៀន គឺជាជំងឺខួរក្បាល ដែលមានលក្ខណៈរ៉ាំរៃ។ អ្នកញៀនគ្រឿងញៀន ជាអ្នករងគ្រោះ យើងមិនចង់ឱ្យគាត់បាត់បង់សមត្ថភាពពលកម្ម មានបញ្ហាសុខភាពផ្លូវចិត្ដ និងរុំារៃ ដូច្នេះយុទ្ធសាស្រ្ដរបស់យើងពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធ ការបង្ការ ទប់ស្កាត់ ការអប់រំ និងថែទាំព្យាបាលអ្នកញៀនគ្រឿនញៀននៅក្នុងសហគមន៍ផងដែរ។
ដោយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ និន្ននាការនៃការប្រើប្រាស់គ្រឿងញៀន មិនមានការថយចុះទេ។ «ផលវិបាក នៃការប្រើប្រាស់គ្រឿងញៀន បានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព សុវត្ថិភាពសង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គម» ។ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងសុខាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ការពង្រីកសេវាសុខាភិបាល ដើម្បីផ្តល់ការព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ។ ប៉ុន្តែការគ្របដណ្តប់ និងការទទួលសេវានៅមានកម្រិតទាបនៅឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។
អគ្គនាយកបច្ចេកទេសសុខាភិបាលបានបន្ដថា ដូច្នេះហើយបានជាតម្រូវឱ្យមានផែនការយុទ្ធសាស្រ្តមួយដែលមានលក្ខណៈជាក់លាក់ ដើម្បីកៀរគរ ធនធាន គាំទ្រដល់ការអនុវត្តអន្តរាគមន៍ ជាយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ស្របពេលដែលក្រសួងសុខាភិបាលកំពុងរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ឆ្នាំ២០២៣-២០៣៣។ ផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ឆ្នាំ២០២៣–២០៣៣ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការពិនិត្យបញ្ចប់ មានចក្ខុវិស័យសំដៅធ្វើឱ្យមាន ភាពធន់នៃប្រព័ន្ធសុខាភិបាល និងការសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសកល ។ រីឯចក្ខុវិស័យនៃ ផែនការយុទ្ធសាស្រ្តស្តីពីការបំពានគ្រឿងញៀន ត្រូវតែជាសមាសធាតុគន្លឹះមួយ ក្នុងការអនុវត្តដើម្បីឆ្ពោះទៅសម្រេចឱ្យបាន ចក្ខុវិស័យសុខាភិបាល ២០២៣-២០៣៣។
ដូច្នេះកិច្ចប្រជុំពិគ្រោះយោបល់នេះ ជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ កន្លងទៅតាមរយៈប្រព័ន្ធអនឡាញ ។លោកមានជំនឿមុតមាំថា កិច្ចប្រជុំលើកនេះ នឹងទទួលបានធាតុចូលសំខាន់បន្ថែមទៀត សម្រាប់អភិវឌ្ឍសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការបំពានគ្រឿងញៀនកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលល្អ ដើម្បីដាក់ឱ្យអនុវត្តរបៀបវារៈនៃការអភិវឌ្ឍន៍សុខភាពកម្ពុជាក្នុងបណ្តាឆ្នាំខាងមុខ ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានគូសបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យលើការងារនេះ មិនមែនធ្វើនៅតែក្នុងស្ថាប័នណាមួយទេ គឺជាការឆ្លើយតបលក្ខណៈរួម ។កន្លងក្រសួងសុខាភិបាល ក៏បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយឱ្យនាយកដ្ឋានជំនាញបានធ្វើការអប់រំ នៅតាមសាលារៀនរដ្ឋ និងឯកជន ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សផងដែរ ឱ្យគាត់មានការយល់ដឹងច្បាស់ពីការញៀនគ្រឿងញៀននេះ ដើម្បីធ្វើការអប់រំបន្ដដល់កូនៗ និងសិស្សរបស់គាត់។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាលបានឱ្យដឹងថា សេវាសុខាភិបាលថែទាំ ព្យាបាលអ្នកញៀនគ្រឿងញៀន មាននៅតាមមន្ទីរពេទ្យខេត្ដទាំង ២៥ខេត្ដក្រុង និងមាននៅតាមមន្ទីរពេទ្យបង្អែកស្រុក ចំនួន៧២ ហើយក៏មាននៅតាមមណ្ឌលសុខភាពជាង៣០០ ប៉ុន្ដែបច្ចុប្បន្នដំណើរចំនួន ជាង១០០កន្លែងប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា «មុនការរាតត្បាតជំងឺកូវីដ១៩ អ្នកញៀនគ្រឿងញៀន បានមកទទួលសេវាព្យាបាលច្រើន និងកើនឡើងរៀងរាល់ឆ្នាំ តែកំឡុងពេលរាលត្បាតជំងឺកូវីដ១៩ មានការថយចុះ»។
ទោះជាយ៉ាងណាក៏លោកនៅតែបន្ដធ្វើការអប់រំពីការព្យាបាលគ្រឿងញៀនបន្ថែមទៀត និងចូលឱ្យកាន់តែគៀរសហគមន៍ សង្ឃឹមថានឹងមានអ្នកមកទទួលសេវាច្រើនវិញ៕