(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងជាន់ខ្ពស់នៃ ន.ប.ធ. និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំជាន់ខ្ពស់ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានចំនួនសរុបប្រមាណ១៥០នាក់៕