(ព្រះវិហារ)៖ រថយន្តចំនួន៥៧៣គ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ស្ថានីយ៍អូរពោធិ-ព្រះវិហារ រកឃើញដឹកជញ្ជូនលើសទម្ងន់កំណត់។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានដាក់បញ្ជាឲ្យមន្ត្រី ត្រូវឲ្យរថយន្តដឹកជញ្ជូនត្រូវតែចូលជញ្ជីងថ្លឹងទាំងអស់។ ករណីរកឃើញថាមានរថយន្តណាមួយដឹកជញ្ជូនអត់ចូលស្ថានីយ៍ អត់ថ្លឹង មន្ត្រីប្រចាំការនៅស្ថានីយ៍ត្រូវទទួលខុសត្រូវ ឫមួយក៏ត្រូវស្នើសុំដកចេញពីតំណែងតែម្តង។
ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២២ និងទិសដៅអនុវត្តសម្រាប់ខែមករា ឆ្នាំ២០២៣ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក សំ លាងទ្រី បានថ្លែងថា កន្លងមកលោកលេចឮព័ត៌មានមិនល្អពីមន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីង ប៉ុន្តែព័ត៌មានទាំងនេះ មិនមានមូលដ្ឋានច្បាស់លាស់ ពោលឮគេថាឬថាតាមគេ លោកចង់ឱ្យអ្នកថានោះរកមូលដ្ឋាន រកភស្តុតាង ឱ្យបានច្បាស់មកបញ្ជាក់ ដូចជាប្រភេទរថយន្ត ម៉ាក ពណ៌ ស្លាកលេខ ពេលវេលា ដែលបើកឆ្លងកាត់មិនចូលជញ្ជីងថ្លឹងជាដើម ហើយថតរូបឱ្យបាន។
បើមានភស្តុតាងដូចដែលលោកបញ្ជាក់ខាងលើនេះមែន លោកនឹងស្នើសុំដកមន្ត្រីដែលប្រព្រឹត្តនោះចេញពីតំណែងតែម្តង មិនបាច់រំខានដល់ថ្នាក់ដឹកនាំក្រសួងនោះទេ។
ជាមួយគ្នានេះដែរ លោក សំ លាងទ្រី ក៏បានថ្លែងណែនាំដល់មន្ត្រីប្រចាំស្ថានីយ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពោលគឺមិនត្រូវពាក់ព័ន្ធនឹងអំពើខុសច្បាប់ណាមួយនោះទេ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្លួនចំពោះការធ្លាក់ចូលក្នុងឧបាយកលទុច្ចរឹតណាមួយ ដើម្បីបំផ្លាញកិត្តិយសរបស់យើងក្នុងនាមជាមន្ត្រី ដែលបានបម្រើការងារជាយូរឆ្នាំមកហើយ។
សូមបញ្ជាក់ថា ត្រឹមរយៈពេល១ខែ ពោលចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ស្ថានីយ៍ អូរពោធិ-ព្រះវិហារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានត្រួតពិនិត្យយាន្តយន្តសរុបចំនួន៣៧០៦គ្រឿង ក្នុងនោះរកឃើញដឹកលើសទម្ងន់កំណត់ចំនួន៥៧៣គ្រឿង៕