(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអង្ករ ចំនួន២០តោន ពីអ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាសគ្រុប និងលោកស្រី សាន សុទ្ធាវិន នាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងថា សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកស្រី បានថ្លែងអំណរគុណ អ្នកឧកញ៉ា ហ៊ី គឹមហុង និងលោកជំទាវ សានសុទ្ធាវិន ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលជួបនូវការលំបាក។ លោកស្រី ម៉ែន សំអន ក៏បានកោតសសើរដល់ ក្រុមហ៊ុនពិភពដីមាស ក្រោមការគ្រប់គ្រង អ្នកឧកញ៉ា ហ៊ី គឹមហុង ដែលជាវិស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។

លោកស្រីក៏បានសំណូមពរឲ្យ អ្នកឧកញ៉ា ហ៊ី គឹមហុង និងលោកជំទាវ ព្រមទាំងសហការី សូមបន្តនូវប្រពៃណី នៃការចែករំលែនេះ ប្រកបដោយក្តីស្រឡាញ់ និងក្តីមេត្តា៕