(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីចំនួន ៣១៥ ៤៤១បណ្ណ ជូនដល់ប្រជាពលរដ្ឋ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤ ៨០៥បណ្ណ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។

ពិធីបើកសន្និបាតនេះធ្វើឡើងនៅពេលព្រឹក នាទីស្តីការក្រសួងរៀបចំដែនដី ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយពិធីបិទសន្និបាត នឹងធ្វើឡើងនាពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ការចេញបណ្ណកម្មសិទ្ធិដីចំនួន៣១៥ ៤៤១បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន២៦៤ ៨០៥បណ្ណ រួមមាន៖

* កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យថ្មីចំនួន ៤៣៧ភូមិ ធ្វើការបិទផ្សាយ ជាសាធារណៈចំនួន ៣៤៤ភូមិ ស្មើនឹង ៣៤៨ ៧៣៦ក្បាលដី ចេញបណ្ណចំនួន ៣១២ ២៩១បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ២៦១ ៦៥៥បណ្ណ

* ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន ៣ ១៥០បណ្ណ ក្នុងនោះដីឯកជនចំនួន ២ ៩៥១បណ្ណ ដីរដ្ឋបាន ៩ទីតាំង ចំនួន៧៤បណ្ណ ទំហំ ២៧ ៨៣២ហិកតា (ដីគោលដៅសម្បទាន សេដ្ឋកិច្ច៥ទីតាំង ចំនួន៦៤បណ្ណ ទំហំ ២២ ១២៧ហិកតា តំបន់ការពារព្រៃស្តារឡើងវិញ ៤ទីតាំង ចំនួន១០បណ្ណ ទំហំ ៥ ៧០៥ហិកតា ដែលក្នុងនោះដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន ៣ទីតាំងចំនួន ៥បណ្ណ ទំហំ ៣ ៧៩១ហិកតា និងក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ១ទីតាំង ចំនួន៥បណ្ណ ទំហំ ១ ៩១៤ហិកតា) និងដីសហគមន៍ជនជាតិដើមភាគតិចចំនួន៥សហគមន៍ ស្មើនឹង ១២៥បណ្ណ ទំហំ៥ ៤៤៣,៦៥ហិកតា សម្រាប់៤៨២គ្រួសារ៕