(ព្រះសីហនុ)៖ ពិធី​បើក​បវេសនកាល​ថ្មីឆ្នាំ​២០២២-២០២៣ នៅខេត្តព្រះសីហនុ កំពុងតែដំណើរការជាបណ្ដើរៗហើយ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សាលាឯកជន «រីអាន អន្តរជាតិ» ក៏បានបើកបវេសនកាល​ថ្មីផងដែរសម្រាប់ឆ្នាំ២០២៣។

សាលារៀនឯកជននេះ ត្រូវបានបងប្អូនសហគមន៍ប្រជានេសាទ តែងតែនាំយកកូនមកចុះឈ្មោះចូលរៀនដោយសារពួកគាត់មានភាពងាយស្រួល ក្នុងការបញ្ជូនកូនមករៀន និងទទួលកូនចេញពីរៀនពីព្រោះនៅជិតកន្លែងស្នាក់នៅ និងកន្លែងរកស៊ីរបស់ពួកគាត់ ហើយក្នុងពិធីបើកបវេសនកាលថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោក មី សេងលាភ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងលោក ជ្រឹង សុឃិន ប្រធានការិយាល័យអប់រំ ក្រុងព្រះសីហនុ លោកសាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន នាយកសាលា «រីអាន អន្តរជាតិ» រួមទាំងភ្ញៀវកិត្តិយស និងបងប្អូនសហគមន៍ប្រជានេសាទជាច្រើននាក់ផងដែរ។

នាឱកាសនោះលោក មី សេងលាភ បានណែនាំដល់នាយកសាលា និងគ្រូៗបង្រៀនត្រូវផ្ដោតសំខាន់ទៅលើការអប់រំ ក្នុង​ស្មារតី​ នៃ​ការបន្ត​បង្ការ និង​ទបទប់ស្កាតការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្របតាម​ការណែនាំ​រប​ស់​រាជរដ្ឋាភិបាល ហើយសិស្សានុសិស្ស​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ត្រងត្រាប់​ស្តាប់​ការពន្យល់​ណែនាំ​របស់​លោកគ្រូ​ អ្នកគ្រូ និង​មាតា បិតា​អាណាព្យាបាល​របស់ខ្លួន ​គោរព​វិន័យ​សាលា ដោយ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ កុំ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍។

ជាមួយគ្នានេះ អនុប្រធានមន្ទីរអប់រំខេត្ត បានលើកឡើង និងផ្តល់អនុសាសន៍ឲ្យនាយកគ្រប់គ្រងសាលាធានាបាន​នូវ​ការរៀន និង​បង្រៀន​ប្រកបដោយ​គុណភាព និង​និរន្តរភាព ផ្អែកលើ​មូលដ្ឋាន​ នៃ​ការអនុវត្ត​គន្លង​ថ្មី​ នៃ​ការអប់រំ ដោយ​កំណត់​តម្រូវឱ្យមាន​ការរៀបចំ​ស្តង់ដាសាលារៀនមានប្រសិទ្ធភាពរួមមាន៖

*ទី១៖ ត្រូវមានស្តង់ដាសហគមន៍សាលារៀន
*ទី២៖ ថ្នាក់រៀន និងការសិក្សាដំណើរការឲ្យទៀងទាត់
*ទី៣៖ ត្រូវមានភាពជាម្ចាស់សហគមន៍សាលារៀន
*ទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀនឲ្យមានប្រសិទ្ធភាព
*ទី៥៖ ត្រូវមានគណនេយ្យភាពរបស់សាលារៀន ហើយព្រមទាំងវេន​សិក្សា កម្មវិធីសិក្សា​បំប៉ន កាលវិភាគ​សិក្សា ជម្រើស​មុខវិជ្ជា និង​វិធីសាស្ត្រ​បង្រៀន​តាមបែប​ចម្រុះ និង​បត់បែន៕