(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំសិក្ខាសាលាលើកកម្ពស់ការអនុវត្តសារាចរ ស្តីពីការអនុវត្តអនុសាសន៍របស់គណ:កម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ រៀបចំធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងក្រសួង ស្ថាប័ន និងដៃគូសហការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក គីម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្លែងថា គោលបំណងសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តសារាចរលេខ ០៦ សរ. ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តអនុសាសន៍របស់គណ:កម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ និងចែកផ្សាយសៀវភៅសារាចរស្តីពីការអនុវត្តអនុសាសន៍ ដល់ស្ថាប័នពាក់ព័ន្ធ និងបណ្តាញកុមារ។
លោកបន្តថា សិក្ខាសាលានេះ ក៏ធ្វើឡើងដើម្បីពិនិត្យលើផែនការសកម្មភាព ដែលបានកំពុងអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ឆ្លើយតបនឹងអនុសាសន៍ ដើម្បីចងក្រងជាឯកសារ នៃផែនការអន្តរវិស័យលើការអនុវត្តសិទ្ធិកុមាររបស់គណ:កម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររូបនេះ បានបន្តថា កិច្ចការនេះ ពិតជាមាន សារៈសំខាន់ណាស់ ដែលក្រសួង ស្ថាប័ន មានវេលាសមស្របក្នុងការគិតគូរលើកជាសកម្មភាព ដាក់បញ្ចូលទៅផែនការសកម្មភាពរបស់ខ្លួននៅឆ្នាំបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ខាងលើ។
លោក គីម សុវណ្ណឌី បានបន្ថែមថា កម្ពុជាបានទទួលអនុសាសន៍មួយចំនួនដែលជាសេចក្តីសង្កេតចុង ក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារ។ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយទទួលបានកិច្ចសហការពីអង្គការដៃគូរអភិវឌ្ឍន៍ មានអង្គការយូនីសេហ្វ ភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់កម្ពុជា បានអនុវត្តសកម្មភាពការងារ ជំរុញការអនុវត្តអនុសាសន៍ឱ្យទទួលបានប្រសិទ្ធភាព។
សកម្មភាពការងារជំរុញការអនុវត្តអនុសាសន៍ឱ្យទទួលបានប្រសិទ្ធភាពរួមមាន៖
១៖ រៀបចំសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុសាសន៍ដល់ក្រសួង ស្ថាប័ន បណ្តាញកុមារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ថ្នាក់រាជធានី ខេត្ត ចំនួន០១លើក នៅខែមិថុនា និងបានផ្សព្វផ្សាយតាមរយៈបណ្តាញព័ត៌មានសង្គម (ទូរទស្សន៍បាយ័ន)។
២៖ រៀបចំកិច្ចពិភាក្សាតុមូលស្តីពីការអនុវត្តអនុសន៍ នៃសេចក្តីសង្កេតចុងក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ចំនួន០១លើកកាលពីខែកក្កដា កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោបល់លើការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ នាខែកញ្ញា។
៣៖ កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅដើមខែធ្នូ ដើម្បីសុំការឯកភាពលើការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័ន និងរៀបចំបោះពុម្ពសៀវភៅ។ សកម្មភាពចុងក្រោយ គឺការរៀបបចំសិក្ខាសាលាលើកកម្ពស់ការអនុវត្តអនុសាសន៍របស់ គណៈ កម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ និងការរៀបចំផែនការឆ្លើយតប នាឱកាសនេះ។
ចំពោះខ្លឹមសាររួមនៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិមានចំនួន ៥៩ចំណុច និងបែងចែកជា ៤ផ្នែកធំៗ រួមមាន៖
១.សេចក្តីផ្តើម
២.វិធានការពិនិត្យតាមដាន និងវឌ្ឍនភាពដែលសម្រេចដោយរដ្ឋភាគី
៣.ផ្នែកសំខាន់ៗ នៃការព្រួយបារម្ភ និងអនុសាសន៍
៤.ការអនុវត្ត និងការរៀបចំរបាយការណ៍។
ពាក់ព័ន្ធនឹងខ្លឹមសាររួម នៃសេចក្តីសង្កេតចុងក្រោយនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានពិនិត្យឃើញថា អនុសាសន៍ភាគច្រើនគឺកំពុងអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ តាមរយៈសិក្ខាសាលានា១ថ្ងៃនេះ ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជានិងធ្វើបទបង្ហាញលើតារាងបែងចែកអនុសាសន៍ដល់ក្រសួង ស្ថាប័ន បណ្តាញកុមារ ដែលទទួលបានការឯកភាពតាមរយៈកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ និងបទបង្ហាញពីតារាងផែនការសកម្មភាពដែលបានអនុវត្តដោយក្រសួង ស្ថាប័ន ឆ្លើយតបទៅនឹងអនុសាន៍ ដែលមន្រ្តីជំនាញផែ្នកផែនការបានធ្វើការប្រមូលចងក្រង និងកិច្ចពិភាក្សា ទៅលើអនុសាសន៍មួយចំនួន ដែលមានភាពប្រទាក់ក្រឡាគ្នា ដើម្បីរួមគ្នា ពិភាក្សារកសកម្មភាពឆ្លើយតប៕