(ស្វាយរៀង)៖ ប្រជាពលរដ្ឋរស់នៅឃុំអង្គប្រស្រែ ស្រុករមាសហែក បានទទួលសមិទ្ធិផលផ្លូវដីក្រាលគ្រួសក្រហម៧២២០ម៉ែត្រ ដែលឆ្លងកាត់ចំនួន៤ភូមិ រួមមាន ភូមិបែកចាន ភូមិត្រពាំងព្រីង ភូមិច្រកម្រ័ក្ស និងភូមិត្រពាំងរំដេញ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

លោក ស៊ូ ម៉ុល អភិបាលស្រុក នៅក្នុងការបើកវេទិការសាធារណៈ និងដាក់ឲ្យដំណើរការផ្លូវក្រាលគ្រួសក្រហមដែលមានប្រវែង ៧,២២០ម៉ែត្រ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងថា ការដាក់ឲ្យដំណើរការផ្លូវក្រាលគ្រួសក្រហម នាពេលនេះគឺបញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជានិច្ចនិងតែងតែគិតគូរអំពីជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋហើយទីណាមានប្រជាពលរដ្ឋ រស់នៅទីនោះត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះជាចាំបាច់។

លោកអភិបាលស្រុក បានណែនាំដល់ពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាឲ្យបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលស្រុក ក៏បានជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥ ហើយអាជ្ញាធរមូលដ្ឋានទាំង១៦ឃុំ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយក៏សូមស្នើដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពសូមប្រញាប់រួសរាន់មកធ្វើថ្មីដើម្បីចូលរួមបោះឆ្នោតនា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នាផងដែរ៕