(រតនគិរី)៖ លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចុះត្រួតពិនិត្យក្រុមហ៊ុនវិនិយោគ «អន ចាន់ណា» ដែលកំពុងសាងសង់តូបលក់ដូរក្នុងតំបន់៤ជុំវិញផ្សារបានលុង។
ការចុះត្រួតពិនិត្យតូបលក់ដូររបស់ក្រុមហ៊ុនវិនិយោគ «អន ចាន់ណា» ក៏មានការចូលរួមពីលោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក ធូ ឃឿ អភិបាលក្រុងបានលុង និងលោក ឌុច ហួ ចៅសង្កាត់ឡាបានសៀក និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
លោក វ៉ាន់ សោភា បានថ្លែងថា គោលបំណងដែលក្រុមការងារចុះមកថ្ងៃនេះ ដើម្បីពិនិត្យមើលក្រុមហ៊ុនវិនិយោគ «អន ចាន់ណា» សាងសង់តូបលក់ដូរក្នុងតំបន់៤ជុំវិញផ្សារបានលុង, ភាគីម្ចាស់វិនិយោគគោរពអនុវត្តតាមសៀវភៅបន្ទុក ដែលសន្យាជាមួយរដ្ឋបានត្រឹមត្រូវតាមស្តង់ដាដែរឬអត់?។
លោកបន្តថា ក្រោយពីក្រុមការងារចុះត្រួតពិនិត្យរួចឃើញខាងភាគីក្រុមហ៊ុន «អន ចាន់ណា» បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសៀវភៅបន្ទុក ដែលបានចុះកិច្ចសន្យាជាមួយរដ្ឋ ពោលមិនមានការខុសបច្ចេកទេស និងវាយតម្លៃទទួលយកបាន។
ទន្ទឹមនេះដែរលោក វ៉ាន់ សោភា ក៏បានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានឲ្យដឹកនាំកម្លាំងចុះជាប្រចាំមើលការលក់ដូរដូចជា ខ្វះសណ្តាប់ធ្នាប់ឲ្យចូលលក់ក្នុងស្តង់ដែលមានស្រាប់, ត្រូវសំអាតអនាម័យជាប្រចាំ ដើម្បីលើកកំពស់សោភ័ណ្ឌភាពផ្សាររបស់យើងក្នុងការទាក់ទាញភ្ញៀវចេញ-ចូលច្រើនបង្កើនសេដ្ឋកិច្ចគ្រួសារក្រុមអាជីវករឲ្យប្រសើរឡើង។
ដោយឡែកលោក ជួន សុផល តំណាងក្រុមហ៊ុន «អន ចាន់ណា» បញ្ជាក់ឲ្យដឹងថា ការសាងសង់តូបលក់ដូរក្នុងតំបន់៤ជុំវិញផ្សារបានលុង មានចំនួនតូបសរុប៨៥៦, សាងសង់រួចរាល់ចំនួន៨១៦តូបនៅសល់៤០តូបទៀត៕